ផ្នែកទី​៣
ខណ្ឌ​សញ្ញា (Signes de ponctuation)
ខណ្ឌ​សញ្ញា គឺ​ជា​សញ្ញា​មាន​រូប​ភាព​ប្លែកៗ សម្រាប់​ប្រើ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ដើម្បី​សម្គាល់​លក្ខណៈ ទម្រង់​បែប​បទ ដែល​ជា​លំនាំ​ឲ្យ​ងាយ​យល់​ ឲ្យ​អាន​បាន​ត្រឹម​ត្រូវ ។
១-ក្បៀស ( , ) ឬ​កណ្ដក​សញ្ញា (La virgule)[9]
សញ្ញា​នេះ ប្រើ​សម្រាប់​ញែក​ពាក្យ​ក្នុង​ប្រយោគ​ឲ្យ​ដាច់​ពី​គ្នា ទោះ​ពាក្យ​រៀប​រាប់​នោះ ជា​នាម​ក្តី ជា​គុណនាម​ក្តី ជា​កិរិយាស័ព្ទ​ក្តី ។ គួរ​កត់​សម្គាល់​ថា ការ​ប្រើ​ក្បៀស​ក្នុង​ការ​សរសេរ​របស់​ខ្មែរ​យើង ​ក៏​ប្រហាក់​ប្រហែល​នឹង​ការ​ប្រើ​ក្បៀស​របស់​លោក​ខាង​លិច​ដែរ ។
ក/ ការ​ប្រើ​ក្បៀស​ក្នុង​ការ​ពិពណ៌នា រៀប​រាប់​ជំពូក​នាម
ខ/​ ការ​ពិពណ៌នា​រៀប​រាប់​អសាធារណ​នាម
គ/ ការ​ពិពណ៌នា​រៀប​រាប់​គុណនាម
ឃ/ ការ​ពិពណ៌នា​រៀប​រាប់​កិរិយាស័ព្ទ
● កំណត់​សម្គាល់ នៅ​ក្នុង​ឃ្លា​ប្រយោគ​បរទេស​ដូច​ជា ភាសា​បារាំង អង់គ្លេស អេស្ប៉ាញ៉ុល​​ជា​ដើម​នោះ ប្រយោគ​ល្បះ​ណា​ដែល​ខ្មែរ​យើង​ត្រូវ​ប្រើ​ដក​ឃ្លា គេ​ប្រើ​ក្បៀស​ទាំង​អស់ ។ នេះ​អាច​ជា​ទម្លាប់​ភាសា​គេ ឬ​ក៏​ធ្វើ​ទៅ​តាម​ការ​តម្រូវ​ចាំ​បាច់ ​នៃ​ក្បួន​វេយ្យាករណ៍ របស់​គេ ។
អត្ថបទ​ខ្មែរ​យើង​ពី​បុរាណ ដែល​ចារ​នៅ​លើ​ក្រាំង​ក្ដី សាស្ត្រា​ស្លឹករឹត​ក្ដី នៅ​ក្នុង​ឃ្លា​ប្រយោគ​ទាំង​អស់នោះ​ ពុំ​ដែល​មាន​ប្រើ​ក្បៀស​ទាល់​តែ​សោះ ។ យើង​កត់​សម្គាល់​ឃើញ​ថា ចាប់​តាំង​ពី​ប្រទេស​យើង​ ឋិត​ក្រោម​របប​អាណានិគម​បារាំង​មក ប្រហែល​ដោយ​សារ​បាន​ទទួល​ឥទ្ធិពល ​ពី​របៀប​របប​សរសេរ​បែប​បារាំង យើង​ក៏​ចាប់​ផ្ដើម​ប្រើ​ក្បៀស​ជា​រៀង​រហូត​មក ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​សង្កេត​ឃើញ​មាន​ទំនោរ​ពីរ​គឺ ៖
ក/-ប្រភេទ​ជន​ដែល​បាន​រៀន​សូត្រ​ចេះ​ដឹង​ជ្រៅ​ជ្រះ​ភាសា​បារាំង ច្រើន​សរសេរ​ប្រើ​ក្បៀស ។
ខ/-ប្រភេទ​ជន​ដែល​ចេះ​តែ​ភាសា​ខ្មែរ ក៏​ទទួល​យក​ទម្លាប់​មត៌ក​ពី​បុព្វបុរស​ជាន់​ដើម ហើយ​សរសេរ​ឥត​ប្រើ​ក្បៀស​ទេ ។
និយាយ​រួម​មក ការ​ប្រើ​ដក​ឃ្លា ជំនួស​ក្បៀស ឬ​ប្រើ​ដក​ឃ្លា​ផង និង​ប្រើ​ក្បៀស​ផង គឺ​មិន​មាន​អ្វី​ប្លែក​គ្នា​ខ្លាំង​ពេក​នោះ​ទេ ។ ប៉ុន្តែ​ការ​ប្រើ​ក្បៀស វា​មាន​ចរិត​ច្បាស់​លាស់​ប្រាកដ​ប្រជា​ជាង[10] ។
២-ទ្វិពន្ទុលេខ ឬ ចំណុច​ពីរ​គូស (៖)
សញ្ញា​ដែល​មាន​គំនូស​ផ្តេក​នៅ​ខណ្ឌ​ចន្លោះ​សូន្យ​ពីរ​ ​លើ​មួយ​ក្រោម​មួយ​នេះ គេ​ប្រើ​សម្រាប់ ៖
ក/ ដាក់​នៅ​ចុង​បញ្ចប់​នៃ​ប្រយោគ ក្នុង​ន័យ​កត់​ត្រា​សម្តី​របស់​បុគ្គល​ណា​មួយ​ ដែល​គេ​ស្រង់​យក​មក​ដាក់​ក្នុង​សញ្ញា​អញ្ញ​ប្រកាស(“ ”) គេ​កត់​សម្គាល់​ឃើញ​ថា សញ្ញា​បែប​នេះ ច្រើន​តែ​ប្រើ​ក្នុង​ទម្រង់​រចនាបថ​ប្រយោគ​ពណ៌នា​ក្នុង​រឿង​ព្រេង, រឿង​និទាន, ការ​និយាយ​ប្រាប់​គ្នា​ពី​ហេតុ​ការណ៍​អតីតកាល ។ល។
ខ⁄ សម្រាប់​ដាក់​នៅ​ចុង​ប្រយោគ​ណា ដែល​ត្រូវ​បន្ត​ទៅ​ដល់​ការ​រៀប​រាប់ ដោយ​ចាត់​ជា​ពួក, ជា​ផ្នែក ។
សម្គាល់ ៖ មិន​ត្រូវ​ច្រឡំ​យុគល​ពិន្ទុ (ៈ) ជា​មួយ​និង​ទ្វិពិន្ទុ​លេខ (៖) ទេ ។ យុគល​ពិន្ទុ គ្រាន់​តែ​ចុច​ចំណុច​ពីរ​លើ​ក្រោម​ប៉ុណ្ណោះ, រីឯ​ទ្វិពិន្ទុ​លេខ គឺ​មាន​សូន្យ​លើ ( ° ) សូន​ក្រោម (°) ហើយ​មាន​រជ្ជុសញ្ញា​ខណ្ឌ​ចំកណ្តាល​ គឺ​យ៉ាង​នេះ (៖) ។ សព្វ​ថ្ងៃ​នេះ យើង​ឃើញ​គេ​ប្រើ​យុគល​ពិន្ទុ​តាម​បែប​អឺរ៉ុប ​ជំនួស​ទ្វិពិន្ទុ​លេខ ដោយ​មក​ពី​ទម្រង់​ពុម្ព​អក្សរ​លីម៉ុន (font Limon) ពុំ​មាន​សញ្ញា​ទ្វិពិន្ទុ​លេខ ក៏​តាំង​តែ​យក​យុគល​ពិន្ទុ​មក​ប្រើ​ជំនួស​ឲ្យ​តែ​បាន​ៗ សិន រង់​ចាំ​អ្នក​បច្ចេក​ទេស​រក​ឃើញ​សញ្ញា​ទ្វិពិន្ទុ​លេខ​​​ នោះ​នឹង​យក​មក​ប្រើ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វិធាន​វេយ្យាករណ៍។
ប៉ុន្តែ​គេ​អាច​ប្រើ​យុគលពិន្ទុ​បាន​ នៅ​ក្នុង​ទម្រង់​លិខិត​ខ្លះៗ​ដូច​ជា កម្មវត្ថុ[11] ៖ ស្នើ​សុំ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​យោងៈ លិខិត​លេខ... ចុះ​ថ្ងៃ​ទី....
កំណត់​សម្គាល់​អំពី​ការ​ប្រើ ឬ​មិន​ប្រើ​យុគលពិន្ទុ​នៅ​ពី​មុខ​ពាក្យ ​“ថា” ៖
ក/ មិន​ប្រើ​យុគល​ពិន្ទុ ចំពោះ​តែ​ពាក្យ​ “ថា[12]” ណា​ដែល​ជា​និបាត​ស័ព្ទ​ ដែល​អាច​ប្រៀប​នឹង​ភាសា​បារាំង​ថា “Que” បាន​ដល់​ពាក្យ​ដែល​ត្រូវ​កត់​ត្រា​សម្តី​មិន​ផ្ទាល់​របស់​តួអង្គ មាន​និយាយ​ក្នុង“ Style indirect ” របស់​ភាសា​បារាំង ដូច​ជា​ពាក្យ ​៖ ពោល​ថា, និយាយ​ថា, ទំនាយ​ទាយ​ថា, តិះ​ដៀលថា, ជេរថា, ប្រាប់​ថា... ពាក្យ​ទាំង​នេះ គេ​មិន​ត្រូវ​ប្រើ​ដាក់​យុគល​ពិន្ទុ (ៈ) ពី​មុខ​ទេ ។
ខ/ ត្រូវ​ប្រើ​យុគលពិន្ទុ គេ​ប្រើ​សញ្ញា​យុគល​ពិន្ទុ (ៈ[13]) ក្នុង​ករណី​កត់​ត្រា​ពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក​និពន្ធ ត្រូវ​គ្នា​នឹង​ទម្រង់​របស់​ភាសា​បារាំង​ថា (Style direct) ។
៣-បុច្ឆន​សញ្ញា (?) (Point d'interrogation)
ជា​សញ្ញា​ប្រើ​សម្រាប់​ដាក់​ពី​ខាង​ក្រោយ​ពាក្យ, ឃ្លា, ល្បះ ចោទ​សួរ​ជា​និច្ច ។ នៅ​ក្នុង​ពាក្យ, ល្បះ, ឃ្លា, ប្រយោគ​ដែល​ចោទ​សួរ គេ​តែង​ប្រើ​ជា​ចាំ​បាច់​នូវ​ពាក្យ ឬ​រូបមន្ត​ផ្សេង​មាន​ជា​អាទិ៍៖ តើ, ព្រោះ​អ្វី, ហេតុ​អ្វី, ដូច​ម្តេច, (ក៏, ឬ, បាន​ជា...) យ៉ាង​ម៉េច​ក៏..., អ្វី​ទៅ, ស្អីគេ, អង្កាល់, កាល​ណា, ... ។ល។ ពាក្យ​សម្រាប់​សួរ​អាច​នៅ​ដើម​ឃ្លា ឬ នៅ​ចុង​ឃ្លា​ក៏​បាន ។ ជួន​កាល​គេ​មិន​ចាំ​បាច់ ប្រើ​ពាក្យ​សួរ គេ​គ្រាន់​តែ​ដាក់​បុច្ឆនសញ្ញា​ទៅ​ក៏​បាន​ដែរ ។
-ល្បះ, ឃ្លា, ពាក្យ​សំណួរ​ខ្លីៗ ៖ ឃ្លាន​អ្វី? ម៉េច​ក៏​យំ? ទៅ​សាលា? ដើរ? ជិះកង់ ?
-គប្បី​កត់​សម្គាល់​ថា សំណួរ​ដដែល​គ្រាន់​តែ​ផ្លាស់​ប្តូរ​ដាក់​ពាក្យ​ណា​មុន ពាក្យ​ណា​ក្រោយ ក៏​ឲ្យ​ន័យ ឬ រំលេច​ន័យ​ខុស​គ្នាដែរ ។
ក្រៅ​ពី​នេះ រាល់​សំណួរ​ដែល​សុទ្ធ​តែ​មាន​បុច្ឆន​សញ្ញា​នៅ​ចុង​ល្បះ​ដូច​គ្នា​នេះ អាច​មាន​ន័យ​ខុស​ប្លែក​គ្នា ទៅ​តាម​សំឡេង​លើក​ដាក់​ថ្នាក់​ថ្នម គំហក​កំហែង ​អង្វរ​ករ​លន់​តួ ។
មាន​បុច្ឆន​សញ្ញ​មួយ​បែប​ទៀត ដែល​ច្រើន​ឃើញ​ប្រើ​នៅ​ក្នុង​រូប​គំនូរ​កំប្លែង (Caricature) ។
៤-ឧទានសញ្ញា (!) (Point d'exclamation)
សញ្ញា​បង្គោល​​បញ្ឈរ​ដែល​មាន​ចំណុច (!) មួយ​នៅ​ពី​ក្រោម​នេះ គេ​ប្រើ​សម្រាប់​ដាក់​នៅ​ពី​ក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់​ផ្អើល​តក់​ស្លុត​ ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់​ខាត បែ​បន់ អធិដ្ឋាន សម្រែក​ជយឃោស គំរាម​កំហែង ។ ជួន​កាល​គេ​ក៏​ប្រើ​ឧទាន​សញ្ញា​ជា​មួយ​នឹង​ឃ្លា កំហឹង បន្ទោស ​ឬ​ ជេរផងដែរ ។
៥-អញ្ញប្រកាស[14] ( “...” )

គឺ​ជា​សញ្ញា​ឃ្នាប​ម្យ៉ាង ដែល​នៅ​ខាង​ដើម​មាន​រាង​កោង​ខ្វឹក​កួច​ពីរ​ឡើង​ទៅ​លើ ឯខាង​ចុង​ជា​សញ្ញា​ខ្វឹក​ពីរ​រាង​កោង កួច​ទម្លាក់​ចុះ​ក្រោម ។ គេ​ប្រើ​សញ្ញា​នេះ​សម្រាប់៖
ក/ គាប ឬ​កត់​ត្រា​ដក​ស្រង់​សេចក្តី​សំខាន់​របស់​ជន​ណា​ម្នាក់ ទុក​ជា​សេចក្តី​ពិសេស​ដោយ​ឡែក ជា​ការ​រំលេច ​ឬ​បញ្ជាក់​ឲ្យ​ប្លែក​ពី​ន័យ​របស់​បរិបទ ។
ខ/ ដក​ស្រង់​គំនិត, សម្តី​របស់​តួអង្គណា​មួយ​ក្នុង​រឿង ។
គ/ ដក​ស្រង់​តួ​អង្គ​ណា​មួយ​ ដែល​មាន​កិត្តិស័ព្ទ​ល្បី​ល្បាញ
ឃ/ ដក​ស្រង់​សេចក្តី​ឬ​អត្ថន័យ​មាន​លក្ខណៈ​លេច​ធ្លោ ។
៦-អព្ភន្តរ​សញ្ញា[15] (‘...’)
សញ្ញា​នេះ ខុស​ប្លែក​ពី​អញ្ញ​ប្រកាស ដោយ​ប្រើ​តែ​ខ្វឹក​សញ្ញា​មួយ​នៅ​ខាង​ដើម និង​ក្បៀស​សញ្ញា​មួយ​នៅ​ខាង​ចុង ។ របៀប​ប្រើ​នស​អព្ភន្តរ​សញ្ញា​ខុស​គ្នា​បន្តិច ​ពី​សញ្ញា​អញ្ញប្រកាស ដោយ​ប្រើ​អព្ភន្តរ​សញ្ញា​ជា​ឃ្នាប​ពាក្យ​ឋិត​នៅ​ក្នុង​រង្វង់​ផែន​ពាក្យ ​ដែល​ដាក់​ឃ្នាប​ដោយ​សញ្ញា​អញ្ញ​ប្រកាស ។
សូម​អនុញ្ញាត​ជម្រាប​ថា៖ នៅ​ក្នុង​សៀវភៅ​ឯកសារ​ជា​ទូទៅ​ គេ​កម្រ​ឃើញ​អ្នក​និពន្ធ​ប្រើ​សញ្ញា​នេះ​ណាស់ ។ ជួន​កាល​គេ​ប្រើ​អព្ភន្តរ​សញ្ញា ឬ​អញ្ញ​ប្រកាស ក្នុង​គោល​ដៅ​តែ​មួយ​ដូច​គ្នា ។ នៅ​ក្នុង​សៀវភៅ​វេយ្យាករណ៍​របស់​លោក ពូវ អ៊ុម លោក​ចាត់​ទុក​អព្ភន្តរ​សញ្ញា​ថា ជា​សញ្ញា​អញ្ញ​ប្រកាស (​ សៀវភៅ​វេយ្យាករណ៍ ពូវ ​អ៊ុម ទំព័រ ៨ ) ចំណែក​នៅ​ក្នុង​វចនានុក្រម​សម្តេច​ជួន​ណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏​បង្ហាញ​អព្ភន្តរ​សញ្ញា “​ ....” មាន​រូប​សណ្ឋាន​យ៉ាង​នេះ​ដែរ ។ លោក​បាន​ពន្យល់​ពាក្យ​អព្ភន្តរ​សញ្ញា​យ៉ាង​នេះ​ថា ៖ ពាក្យ​សន្មត​ហៅ​វណ្ណយុត្តិ ដែល​ពួក​វេយ្យាករណ៍​បណ្ឌិត​ក្នុង​ប្រទេស​អឺរ៉ុប បង្កើត​ឡើង​សម្រាប់​ប្រើ​រាំង​ពាក្យ ឬ​សេចក្តី​មាន​រូប​សណ្ឋាន​ពីរ​បែប​គឺ (“...”) ឬ («...»)[16] ។
ដូច្នេះ ដោយ​យល់​ឃើញ​ថា កិច្ច​ការ​សរសេរ​តែង​និពន្ធ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​សភាព​ល្អិត​ល្អន់​ស៊ី​ជម្រៅ និង​ហ្មត់​ចត់ យើង​គួរ​តែ​បញ្ចូល​អព្ភន្តរ​សញ្ញា ដែល​មាន​រូប​សណ្ឋាន​បែប​នេះ ( ‘... ’ ) មក​ប្រើ​បន្ថែម​ទៀត ដោយ​បំបែក​ចេញ​ពី​អញ្ញ​ប្រកាស ( “...” ) ។
៧-មច្ឆណ្ឌ​សញ្ញា ឬ ពងត្រី (...) (point de Suspension)
ជួន​កាល​គេ​ហៅ​ថា (ចំណុច​រាយ) ផង​ក៏មាន ។ សញ្ញា​ដែល​មាន​ចំណុច​បី​បន្ត​បន្ទាប់​ជាប់​គ្នា​នេះ សម្រាប់​សម្គាល់​ប្រយោគ​ណា​មួយ ដែល​នៅ​មាន​សេចក្តី​បន្ត​ទៀត ប៉ុន្តែ​អ្នក​សរសេរ​បាន​ផ្អាក​បញ្ឈប់​លែង​ពណ៌នា ដោយ​ដាក់​សញ្ញា​ពងត្រី​នេះ ប្រាប់​ជា​ដំណឹង ។ របៀប​ប្រើ​ពង​ត្រី​មាន​បែប​ផែន​ប្លែកៗ​ដូច​តទៅ ៖
ក/ ជា​សញ្ញា​កាត់​ពាក្យ​សម្តី​គូសន្ទនា​ម្នាក់​ ដែល​កំពុង​និយាយ​ឲ្យ​ដាច់​កណ្តាល​ឃ្លា ។
ខ/ ជា​សញ្ញា​សម្រាប់​ផ្អាក​ពាក្យ​សម្តី មិន​ចង់​និយាយ​បន្ត​ដោយ​ទុក​ឲ្យ​គូសន្ទនា​យល់ ឬ ក៏​បង្កប់​ទុក​នូវ​ពាក្យ​គំរាម​កំហែង ពាក្យ​បណ្តាសា... ។ ​
គ/ ផ្អាក​សេចក្តី​ត្រឹម​ប៉ុណ្ណឹង​សិន ឬ​ស្លេះ​ទុក ដោយ​មិន​ចង់​ឲ្យ​សេចក្តី​មាន​ន័យ​ដូច​គ្នា​នេះ វែង​អន្លាយ​ពេក ។
ឃ/ សម្រាប់​ប្រាប់​អំពី​ពាក្យ​ឃ្លា ដែល​បាត់​រលុប​មាន​សេចក្តី​មិន​ច្បាស់ ដក​យក​ចេញ​ពី​សិលាចារឹក​ជា​ដើម ។
៨-វង់​ក្រចក ឬ​នខសញ្ញា ( )
បាន​ជា​គេ​ឲ្យ​ឈ្មោះ​ដូច្នេះ ព្រោះ​វា​មាន​សណ្ឋាន​រាង​កោង​ដូច​វង់​ក្រចក​យើង​ពិតៗ ។ គេ​ប្រើ​សញ្ញា​វង់​ក្រចក​សម្រាប់ ៖
ក/ គាប​ពាក្យ ឬ​សេចក្ដី​ ដែល​គេ​ចង់​ពន្យល់​ន័យ ។
ខ/ គាប​ពាក្យ​ដែល​សរសេរ​ជា​អក្សរ​កាត់ ។
៩-វង់​តង្កៀប [.....]
នៅ​ក្នុង​ភាសា​ខ្មែរ​គេ​មិន​ស្រូវ​ប្រើ​សញ្ញា​វង់​តង្កៀប​នេះ​ទេ​ព្រោះ​យើង​មាន​វណ្ណយុត្តិ​ និង​ខណ្ឌ​សញ្ញា​យ៉ាង​ច្រើន សម​ស្រប​នឹង​ប្រើ​ក្នុង​អត្ថបទ​ជា​ភាសា​ខ្មែរ​គ្រប់​គ្រាន់​អស់​ហើយ ។ ប៉ុន្តែ​នៅ​ក្នុង​ការ​គណនា​លេខ​ផ្នែក​ពីជគណិត​(Algèbre) យើង​យក​មក​ប្រើ​តាម​ពួក​អឺរ៉ុប ។
១០-រ៉ាត់ ឬ​ឃ្នាប ( } ឬ { ....} ) (Accolade)
សញ្ញានេះ ខ្មែរ​ខ្លះ​ហៅ​ថា ពុក​មាត់​មេ​អំបៅ ។
ក/ នៅ​ក្នុង​មុខ​វិជ្ជា​ពីជគណិត របៀប​ប្រើ​ឃ្នាប ឬ​រ៉ាត់​មាន​ន័យ​ដូច​គ្នា នឹង​ការ​ប្រើ​តង្កៀប ឬ​វង់​ក្រចក​ដែរ ។ គេ​តែង​តែ​ប្រើ​រ៉ាត់​មួយ​សម្រាប់​បើក ( { ) និង​រ៉ាត់​មួយ​ទៀត​សម្រាប់​បិទ ( } ) គឺ​បែប​នេះ {.....} ។
ខ/ រ៉ាត់​បើក និង​រ៉ាត់​បិទ​នេះ ប្រើ​សម្រាប់​គាប​ពាក្យ​ពីរ ឬ​ច្រើន​ជា​ការ​សម្គាល់​ថា ពាក្យ​ទាំង​នោះ​មាន​មុខ​ងារ​រួម​ដូច​គ្នា មិន​បាច់​សរសេរ​ដដែល​ច្រើន​ដង​នាំ​ខាត​ពេល ។
១១-បេយ្យាលៈ ឬ លៈ (។ល។)
គេ​មិន​សូវ​អាន​ថា បេយ្យាលៈ​ទេ ព្រោះ​វែង​ពេក ​គេ​អាន​កាត់​យក​តែ​ខាង​ចុង​ត្រង់​សូរ​ថា ឡាក់, ឡៈ សរសេរ​ថា ៖ (។ល។) ត្រូវ​នឹង​ពាក្យ​បារាំង​ថា (et cetera) សរសេរ​អក្សរ​កាត់​ថា (etc.) ។ ​គេ​ប្រើ​សម្រាប់​បំព្រួញ​សេចក្តី​ឯណា​នីមួយ ឬ​ការ​រៀប​រាប់​ដែល​វែង​ឲ្យ​នៅ​ខ្លី ដោយ​គិត​ថា អ្នក​អាន​ក៏​ដឹង​ថា នៅ​មាន​ពាក្យ និង​សេចក្តី​អ្វី​ខ្លះ​ទៀត ។
១២- ខណ្ឌ ឬ ខណ្ឌសញ្ញា (។)
គេ​ប្រើ​សញ្ញា​ខណ្ឌ​នេះ សម្រាប់​រាំង​ខាំង​ប្រយោគ ឬ​សង្កាត់​នៃ​សេចក្តី​នីមួយៗ ឲ្យ​ដាច់​ស្រឡះ​ពី​គ្នា ។ កាល​ណា​ប្រយោគ​មួយ​ចាប់​សេចក្តី​ហើយ​ គេ​ត្រូវ​ដាក់​សញ្ញា (។) នេះ មុន​នឹង​បន្ត​ទៅ​ប្រយោគ​មួយ​ទៀត ។ ខណ្ឌ​សញ្ញា ធ្វើ​ឲ្យ​គេ​ងាយ​យល់ អាច​ញែក​សេចក្តី​ពី​ប្រយោគ​មួយ​ទៅ​ប្រយោគ​មួយ មិន​ឲ្យ​ច្រឡំ​ន័យ នាំ​ច្របូក​ប្របល់ ។ ហើយ​នៅ​ចន្លោះ ខណ្ឌ​សញ្ញា ការ​ដក​ឃ្លា ក៏​ជួយ​សម្រួល​ឲ្យ​អ្នក​អាន​ងាយ​យល់​ ងាយ​ចាប់​សេចក្តី​បាន ។ មាន​តែ​ការ​ប៉ិន​ប្រសប់​របស់​អ្នក​សរសេរ​តែង​និពន្ធ​ទេ ដែល​អាច​យល់​ដឹង​ដល់​ការ​ចាំ​បាច់​នៃ​ការ​ដក​ឃ្លា ការ​ដាក់​ខណ្ឌ​សញ្ញា​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ ទើប​ធ្វើ​ឲ្យ​អត្ថបទ​មាន​តម្លៃ មាន​ន័យ​គួរ​ជា​ទី​ចាប់​អារម្មណ៍ ។
ប៉ុន្តែ​កាល​ណា​គេ​ត្រូវ​ប្តូរ​គំនិត​ចូល​ទៅ​វគ្គ ឬ​កថាខណ្ឌ​ថ្មីនោះ គេ​ត្រូវ​ដាក់​សញ្ញា​ខណ្ឌ​ទៅ​ចុង​បញ្ចប់​ប្រយោគ រួច​ហើយ​ត្រូវ​ចាប់​សរសេរ​ដោយ​ចុះ​ទៅ​បន្ទាត់​ថ្មី ជា​មួយ​នឹង​ការ​ចោល​លំហ​បន្តិច​ដែល​គេ​តែង​និយម​ហៅ​ថា ខណ្ឌ ចុះ​បន្ទាត់​ឬ​ចោល​បន្ទាត់ និង​ចាប់​ដើម​បន្ទាត់ (នេះ​ជា​ការ​ប្រាប់​ដំណឹង​របស់​អ្នក​ហៅ​សរសេរ​តាម​សូត្រ )
១៣- ខណ្ឌចប់ ( ៕ )
ជា​សញ្ញា​សម្រាប់​ដាក់​បញ្ចប់​អត្ថបទ ឬ​រឿង​មួយ​តែ​ត្រឹម​នេះពុំ​មាន​ត​សេចក្តី ឬ​រឿង​រ៉ាវ​ទៅ​មុខ​ទៀត​ឡើយ ។
១៤- អាទិសង្កេត ( . )
គឺ​ជា​ចំណុច​មួយ​ដែល​ដាក់​ពី​មុខ​អក្សរ ដែល​គេ​សរសេរ​កាត់​ដូច​ជា ស.រ.អា. (សហរដ្ឋ​អាមេរិក), អ.ស.ប. (អង្គការ​សហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត) ​ជួន​កាល​គេ​ប្រើ​អាទិសង្កេត ដើម្បី​ដាក់​ពី​មុខ​លេខ​រៀង មាតិកា​ដែល​រៀប​រាប់​ចំណង​ជើង​រង (Sous-titre) ដូចជា ៖
១. មង្គល​ការ អបមង្គល
២. ស្វា​ស្អប់​ចេក ក្អែក​ស្អប់​ពង​មាន់
៣. ចង់​រត់​ចេញ​ពី​សង្គម...
ជួន​កាល​ក្នុង​ករណី​ដូច​ខាង​លើ​នេះ គេ​ប្រើ​រជ្ជុ​សញ្ញា (-) ខ្លះ ៗ ​ដែរ ។
១៥- កុក្កុដនេត្រ ឬ ភ្នែក​មាន់ (៙)
បុព្វក​វី​និពន្ធ​ខ្មែរ​ធ្លាប់​ប្រើ​សញ្ញា​នេះ សម្រាប់​ចាប់​ផ្តើម​សរសេរ​អត្ថបទ ឬ​សេចក្តី​រឿង​អ្វី​មួយ ដើម្បី​កំណត់​ទុក​ជា​ចំណុច​ចាប់​ផ្តើម ។ តែ​ពេល​បច្ចុប្បន្ន​នេះ អ្នក​និពន្ធ កវី​លែង​ប្រើ​សញ្ញា​នេះហើយ ។ ជា​ពិសេស​នៅ​ពេល​ចាប់​ផ្តើម​សរសេរ​កំណាព្យ នោះ​កវី​បុរាណ​យើង​ច្រើន​ប្រើ​សញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ន​នេះ មាន​កវីសម័យ​ទំនើប​ខ្លះ​ក៏​ផ្តើម​ប្រើ​សញ្ញា​ផ្នែក​មាន់ ដែល​មាន​ក្បៀស​ពីរ​នេះ នៅ​ពេល​ចាប់​ផ្តើម​បើក​បទ​កំណាព្យ ។
១៦-ខណ្ឌបរិយោសាន ឬ គោ​មូត្រ (។៚)
គឺ​ជា​សញ្ញា​យក​តាម​រូប​សណ្ឋាន​ដាន​នោម​គោ ដែល​នោម​ផង​ដើរ​ផង បណ្តាល​ឲ្យ​មាន​រាង​ក្ងិ​ក្ងក់​បែប​នេះ ហើយ​ខ្មែរ​បុរាណ​ក៏​សន្មត​យក​មក​ធ្វើ​ជា​សញ្ញា​ខណ្ឌ​បញ្ចប់ ដែល​ហៅ​តាម​ពាក្យ​បាលី​ថា “គោ​មូត្រ” គឺ​នោម​គោ​ដូច្នេះ​ទៅ ។ ចាស់​បុរាណ​លោក​ប្រើ​ខណ្ឌ​បរិយោ​សាន ឬ បរិយាន ឬ​គោ​មូត្រ​នេះ សម្រាប់​បញ្ជាក់​សេចក្តី​និយាយ​ពី​រឿង​រ៉ាវ​អ្វី​មួយ​ឬ​អត្ថបទ​ បទ​បាទ​បាលី​គាថា​ណា​មួយ ។ សព្វ​ថ្ងៃ​នេះ អ្នក​និពន្ធ​មួយ​ចំនួន បាន​ប្រើ​សញ្ញា​ពីរ​គឺ៖ ឬ​មួយ ៕ ឬ​មួយ ។៚ ។ ការ​​​​ប្រើ​គោមូត្រ​នេះ គឺ​ចង់​រក្សា​សម្បត្តិ​វប្បធម៌​ពី​បុរាណ​ឲ្យ​នៅ​គង់​វង្ស ។យើង​ឃើញ​អ្នក​កាសែត​មួយ​ចំនួន មាន​ប្រើ​សញ្ញា​គោ​មូត្រ​ផង​ដែរ ៕៚
១៧-អំពី​លេខ​ខ្មែរ
តាំង​ពី​យូរ​មក​ហើយ ​ខ្មែរ​យើង​ប្រើ​លេខ ព្រម​ជា​មួយ​នឹង​ការ​បង្កើត​តួ​អក្សរ សម្រាប់​ចារឹក ​និង​កត់​ត្រា​​ហេតុ​ការណ៍​ផ្សេងៗ ។ លេខ​មាន​សារៈ​សំខាន់​ ជា​ពិសេស​ក្នុង​ការ​កត់​ត្រា​ចំនួន​លុយកាក់​ គោ​ក្របី ស្រែ​ភ្លឺ​ ខ្ញុំ​កំដរ... ។ កត់ត្រា អាយុ (ចំនួន​ឆ្នាំ) ដែល​ខ្លួន​រស់​នៅ​កត់​ត្រា​ចំនួន​ប្រាក់ ដែល​គេ​មក​ខ្ចី​បុល... ។
នៅ​ពេល​បច្ចុប្បន្ន លេខ​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​គណនា​លុយ​កាក់​ថវិកា​ចំណូល​ចំណាយ ។ ពិសេស​ស្ថាប័ន​ហិរញ្ញវត្ថុ, ស្ថាប័ន​សេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម ត្រូវ​ការ​ប្រើ​ប្រាស់​តួលេខ​ជា​ចម្បង​បំផុត ។ ព្រោះ​តែ “លេខ” មាន​តួនាទី​សំខាន់​នៅ​ក្នុង​សង្គម​នេះ​ហើយ ​ទើប​មាន​ពាក្យ​ស្លោក​មួយ​ឃ្លា​ចែង​ថា​៖​“សម្តីជាឯក ​លេខ​ជា​ទោ អក្សរ​ជា​ត្រី ” តាំង​ពី​សម័យ​ដើម​មក​ទល់​ពេល​នេះ ទម្រង់​បែប​ផែន​លេខ​ដែល​ខ្មែរ​យើង​ប្រើ​ប្រាស់​មាន៖
ក/ លេខ​ទំនើប​ដែល​ខ្មែរ​យើង​ប្រើ​សព្វ​ថ្ងៃ​គឺ ៖
0, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩ ។
ខ/ លេខ​អារ៉ាប់ ៖
0, 1, 2, 3, 4, 5, 6, 7, 8, 9 ។
ស្ទើរ​តែ​នៅ​លើ​សកល​លោក​ គេ​ប្រើ​លេខ​នេះ ទុក​ដូច​ជា​លេខ​អន្តរ​ជាតិ​ទៅ​ហើយ ។
គ/ លេខ​ខ្មែរ​បុរាណ
លេខ​ប្រភេទ​នេះ មាន​តែ​ពួក “ ហោរា ” (Astrologue) ប៉ុណ្ណោះ ​ដែល​ប្រើ​ក្នុង​ការ​ទស្សន៍​ទាយ ជោគ​តារាសី​ឲ្យ​មនុស្ស​ទូទៅ និង​ទស្សន៍​ទាយ​មើល​សុខ​ទុក្ខ, ​ព្រឹត្តិការណ៍, ទឹក​ភ្លៀង​ ឬ​កេណ្ឌ​ធារាសាស្រ្ត​ផលាផល​ប្រចាំ​ឆ្នាំ សម្រាប់​ចុះ​ផ្សាយ​ក្នុង​មហាសង្រ្កាន្ត ។ គេ​រាប់​លេខ​នេះ​ថា ៖ ឯក, ទោ, ត្រី, ចត្វា, បញ្ច, ឆ, ស័ប្ត, អដ្ឋ, នព, សំរិទ្ធិ ។ សូម​បង្ហាញ​ជូន​នូវ​រូប​សញ្ញា​នៃ​លេខ​ខ្មែរ​បុរាណ​ដូច​ខាង​ក្រោម ៖
៰, ៱, ៲, ៳, ៴, ៵, ៶, ៷, ៸, ៹ ។
ឃ/​លេខ​រ៉ូម៉ាំង (Chiffre romain)
លេខ​រ៉ូម៉ាំង ច្រើន​សរសេរ ៖
ក-​ នៅ​លើ​មុខ​នាឡិកា​ប៉ោល​ព្យួរ​ជញ្ជាំង
ខ- សម្រាប់​កត់​ត្រា ភាគ, ជំពូក, ផ្នែក, នៃ​អត្ថបទ ឯកសារ​សៀវភៅ​ផ្សេងៗ ។ខាងក្រោម​នេះ គឺ​រូប​សញ្ញា​តួនៃ​លេខ​រ៉ូម៉ាំង I, II, III, IV, V, VI, VII, VIII, IX, X [17]។
នៅ​​​កម្ពុជា​យើង​ គេ​ប្រើ​ទាំង​អស់ លេខ​ទាំង​ប៉ុន្មាន​ដែល​បាន​បង្ហាញ​ជូន​ខាង​លើ ។ លើក​លែង​តែ​អស់​លោក​“ហោរា” ទេ ដែល​ប្រើ​លេខ​ខ្មែរ​បុរាណ ក្នុង​ការ​គណនា​ទស្សន៍ទាយ តាម​លេខ​អត្តៈ​ទស្សន៍​ទាយ ជោគ​ជតា​រាសី ។
១៨-ការ​ចុះ​កាល​បរិច្ឆេទ
ការ​ចុះ​កាល​បរិច្ឆេទ​មាន​តួនាទី​សំខាន់​ជា​ចម្បង ព្រោះ​តាម​រយៈ​កាល​បរិច្ឆេទ គេ​អាច​ដឹង​អំពី​កាល​វេលា ​ដែល​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្រ្ត​នានា​បាន​កើត​ឡើង ។ ឧ. កាល​បរិច្ឆេទ​នៃ​ការ​ឡើង​សោយ​រាជ្យ​នៃ​ស្តេច​អង្គណាមួយ, កាល​បរិច្ឆេទ​នៃ​ការ​កសាង​ប្រាសាទ... កាល​បរិច្ឆេទ​នៃ​ជ័យ​ជម្នះ​របស់​ជាតិ​យើង ​ទៅ​លើ​គូស​ត្រូវ កាល​បរិច្ឆេទ​នៃ​ការ​ចាក​ចោល​ក្រុង​អង្គរ... កាល​បរិច្ឆេទ​នៃ​ការ​ផ្លាស់​ប្តូរ​រាជធានី ។ល។ នៅ​ក្នុង​គ្រួសារ​មួយ ​ការ​សាង​សង់​ផ្ទះ​ថ្មី ក៏​មាន​ចារឹក​កាល​បរិច្ឆេទ​ទុក​ជា​សម្គាល់ ​សម្រាប់​ឲ្យ​សមាជិក​គ្រួសារ​ជំនាន់​ក្រោយៗ​បាន​ដឹង​។ នៅ​តាម​ចេតិយ ម៉ុង​បញ្ចុះ​សព ក៏​គ្រួសារ​នីមួយៗ តែង​តែ​សរសេរ​ឈ្មោះ បុគ្គល​ជា​សាច់​ញាតិ​ដែល​ស្លាប់ ។
- ការ​ចុះ​កាល​បរិច្ឆេទ​តាម​បែប​បុរាណ
ចាប់​ពីរវាង​សតវត្សទី១៦ រហូត​មក​ទល់​​​ដើម​សម័យ​ភ្នំ​ពេញ​បុព្វ​បុរស​យើង​ប្រើ​របៀប​ម្យ៉ាង​ សម្រាប់​ធ្វើ​ជា​រូប​មន្ត​នៃ​​ការ​ចុះ​កាល​បរិច្ឆេទ ។ គោល​សំខាន់​នៃ​រូប​មន្ត​នោះ គឺ​លោក​ដាក់​សញ្ញា​ខណ្ឌ (។) ទុក​ជា​គោល​សម្រាប់​ធ្វើ​ស្នូល​កណ្តាល ។ យើង​ឃើញ​ការ​ចុះ​កាល​បរិច្ឆេទ​របៀប​នេះ នៅ​លើ​ចេតិយ នៅ​លើ​សំណង់​ផ្សេងៗ ខាង​ពុទ្ធសាសនា ជា​ពិសេស យើង​ឃើញ​នៅ​គ្រប់​តែ​សន្លឹក​ខាង​ដើម​បំផុត ឬ​សន្លឹក​ចុង​បញ្ចប់​នៃ​សាស្រ្តា​សឹ្លក​រឹត ។ ឧទាហរណ៍៖ ថ្ងៃ​អង្គារ ១១ កើត ពិសាខ ព.ស. ២៥៤៩ គ.ស. ២០០៥ នោះ​គេ​សរសេរ​បែប​នេះវិញ ៖
ព.ស. ២៥៤៩
៣ ᧫ ៦ ឆ្នាំ​មមែ           ____________
គ.ស. ២០០៥
នេះ​គឺ​ជារបៀប​ចុះ​កាល​បរិច្ឆេទបែប​សង្ខេប​ខ្លី ។ ខ្ញុំ​គ្រាន់​តែ​សូម​ជម្រាប​ថា ដើម្បី​ចេះ​ចុះ​កាល​បរិច្ឆេទ​របៀប​បុរាណ​នេះ គេ​ត្រូវ​ចេះ​ចាំ​ថ្ងៃ​ទាំង​ ៧ ឲ្យ​ស្ទាត់ គឺ ​អាទិត្យ (លេខ១) ច័ន្ទ (លេខ២) អង្គារ (លេខ៣) ពុធ (លេខ៤) ប្រហស្បតិ៍ (លេខ៥) សុក្រ (លេខ៦) សៅរ៍ (លេខ៧) ។ រួច​ហើយ​ត្រូវ​ចេះ រាប់​ខែ​ចន្ទគតិ​ឲ្យ​ស្ទាត់ ​ដោយ​ដាក់​លេខ​ឲ្យ​ខែ​នីមួយៗ​ផង​គឺ៖ មិគសិរ (លេខ១) បុស្ស (លេខ២) មាឃ (លេខ៣) ផល្គុន (លេខ៤) ចេត្រ (លេខ៥) ពិសាខ (លេខ៦) ជេស្ឋ (លេខ៧) អាសាឍ (លេខ៨) ស្រាពណ៍ (លេខ៩) ភទ្របទ (លេខ១០) អស្សុជ (លេខ១១) កត្តិក (លេខ១២) ។​ ការ​គិត ​ខ្នើត​ រនោច គឺលោក​កំណត់​ឲ្យ​ដាក់​ខ្នើត​នៅ​ខាង​លើ​សញ្ញា​ខណ្ឌ, ឲ្យ​ដាក់​រនោចនៅ​ខាង​ក្រោម​សញ្ញាខណ្ឌ ។ ឧទាហរណ៍ ៖ ថ្ងៃ​សៅរ៍ ៣ រោច ខែ អាសាឍ គ.ស. ២០០១ ព.ស. ២៥៤៨ ត្រូវ​សរសេរ​ដូច​ខាង​ក្រោម ៖​
ព.ស. ២៥៤៨
៧᧳៨ ​ឆ្នាំ​ឆ្លូវ     ____________
គ.ស. ២០០៤
១៩-អំពី​ទម្រង់​ផ្សេងៗ ​នៃ​អក្សរ​ខ្មែរ ( Les différents types de caractères Khmers )
អក្សរ​ខ្មែរ មាន​ទ្រង់​ទ្រាយ​ច្រើន​បែប, មាន​ដូច​ជា ៖
ក/ អក្សរ​ជ្រៀង (Ecriture penchée) ៖
អក្សរ​ជ្រៀង​ គឺ​ជា​អក្សរ​ដៃ (manuscrit) មាន​ជំហរ​រាង​ទ្រេត​ទៅ​មុខ ។
ខ/​ អក្សរ​ត្រង់ (Eeriture droite)
គឺ​ជា​ទម្រង់​អក្សរ ​ដែល​គេ​សរសេរ​ ឲ្យ​មាន​ជំហរ​ត្រង់​ ទៅ​លើ​តាម​ទំនង​បន្ទាត់​បញ្ឈរ (vertical) ។
ប៉ុន្តែ គេ​កម្រ​ឃើញ​ទម្រង់​អក្សរ​ សរសេរ​ទ្រេត​​ទៅ​ខាង​ឆ្វេង​ណាស់ (ទ្រេត​ទៅ​ក្រោយ) ។
គ/ អក្សរ​មូល[18]
អក្សរ​មូល គឺ​ជា​ប្រភេទ​អក្សរ ដែល​មាន​ទម្រង់​មូល ។ គេ​ច្រើន​សរសេរ​អក្សរ​មូល ​នៅ​ក្នុង​សៀវភៅ​ធម៌ ជា​ភាសា​បាលី ឬ សំស្រ្កឹត ។ ម្យ៉ាង​ទៀត ការ​សរសេរ​មន្ត​អាគមគាថា លើ​កន្សែង​យ័ន្ត​លើ​អាវ​តេជះ សាក់​លើ​ខ្លួន​ប្រាណ, ក៏​គេ​និយម​ប្រើ​អក្សរ​មូល​ដែរ ។ នៅ​ទូទាំង​ស្រុក​សៀម(ថៃ) កាល​ណា​គេ​សរសេរ​បាលី​គាថា​ មន្ត​អាគម​ គឺ​គេ​សរសេរ​អក្សរ​មូល​ខ្មែរ​ទាំង​អស់ ។ គេ​និយម​យល់​ថា កាល​ណា​គេសរសេរ​អក្សរ (​សៀម) នៅ​លើ​យ័ន្ត​ មន្ត​អាគម​គាថា នោះ​មិន​ពូកែ​សក្តិសិទ្ធិ ​ដូច​សរសេរ​អក្សរ​មូល​ខ្មែរ​ទេ ។
ករណី​លើក​លែង
ប៉ុន្តែ​ដោយ​ឡែក ហើយ​នេះ​ជា​ករណី​ពិសេស ដែល​ជា​ទម្លាប់​របស់​ខ្មែរ​យើង​ស្រាប់​ផង នៅ​លើ​ស្លាក (Enseigne) យីហោផ្ទះ​ជំនួញ ស្លាក​របស់​មន្ទីរ​ក្រសួង​នានា ឈ្មោះ​ចំណង​ជើង​សៀវភៅ​ឈ្មោះ​អ្នក​និពន្ធ... នោះ​គេ​ច្រើន​តែ​សរសេរ​អក្សរ​មូល​ផង​ដែរ ។ ឧទាហរណ៍ ៖
រោង​ចក្រ​ម៉ុង​ហួត, ក្រសួង​ឧស្សាហកម្ម រ៉ែ និង ថាម​ពល, វចនានុក្រម​បារាំង-ខ្មែរ ដោយ​លោក តិប យក់, ថាវ-គន្ធ សម ថាំង​... ។ល។

ឃ/ អក្សរ​ខម[19]

អក្សរ​ខម​នេះ មាន​ទម្រង់​ទ្រង់​ទ្រាយ​មូល ​ប្រហាក់​ប្រហែល​នឹង​អក្សរ​មូល​ដែរ ប៉ុន្តែ​មាន​ចំណុច​ប្លែក​គ្នា​ខ្លះៗ ដូច​ជា៖
-អក្សរ “ក” មាន​ពីរ​ជាន់ ជើង​បី​បែប​នេះ “ក” ។
-គ្រប់​តួ​អក្សរ ច្រើន​តែ​មាន​ងៀង​ជ្រុង​បន្តិច ​នៅ​ត្រង់​ចុង​មុម​ ។
-អក្សរ “ឞ ” មាន​បន្ទាត់ វះ​ពោះ​ភ្ជាប់​ពី​ម្ខាង​ដល់​ម្ខាង “ម”[20] ។
-ស្រៈ “ ែ ” មាន​ទម្រង់​បែប​នេះ “ែ”[21]
គេ​ប្រើ​សរសេរ​អក្សរ ​ខម ប្រហាក់​ប្រហែល​គ្នា​នឹង​អក្សរ​មូល​ដែរ តែ​មិន​សរសេរ​ក្នុង​យ័ន្ត គាថា​ទេ ។ គេ​ច្រើន​សសេរ​ចុះ​ចំណង​ជើង​សៀវភៅ , ចំណង​ជើង​អត្ថបទ , ឈ្មោះ​ជំពូក, វគ្គ, ផ្នែក​នៃ​សៀវភៅ​មួយ ។ ដោយ​ចង់​ថែរក្សា​ទម្រង់​អក្សរ​ បន្សល់​ទុក​មក​ដោយ​បុព្វបុរស​ខ្មែរ គេ​ចម្លង​គំរូ​អក្សរ​ខម​នេះ ពី​សិលាចារឹក ក្រោយ​អង្គរ​ខ្លះ ពីសាស្រ្តា​ស្លឹក​រឹត​ខ្លះ រក្សា​ទុក​ជា​កេរមត៌ក​ខាង​អក្សរ​សាស្រ្ត កុំ​ឲ្យ​បាត់​បង់ ។
២០-ការ​ប្រើ​ឈ្មោះ​ខែ​តាម​បែប​បារាំង
តាំង​ពី​ប្រទេស​យើង​​​ឋិត​នៅ​ក្រោម​រដ្ឋការ​អាណា​ព្យាបាល​បារាំង​មក ក្រៅ​ពី​ប្រើ​កាល​បរិច្ឆេទ​តាម​បែប​ចន្ទគតិ ខ្មែរ​យើង​ប្រើ​កាល​បរិច្ឆេទ​បែប​សុរិយ​គតិ​តាម​បារាំង ព្រោះ​រដ្ឋការ​របស់​បារាំង​និង​ខ្មែរ​យើង​ មាន​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​ប្រចាំ ។ ម្យ៉ាង​ទៀត​ឥទ្ធិពល​បារាំង ទាំង​នយោបាយ ​និង​វប្បធម៌ តែង​តែ​គ្រប​សង្កត់​មក​លើ​យើង​ជា​និច្ច ។ សូម​ជម្រាប​បញ្ជាក់​ថា បារាំង​ពុំ​មាន​ប្រើ​ឈ្មោះ​​ឆ្នាំ ជូត, ឆ្លូវ, ខាល, ថោះ, រោង.... ដូច​យើង​ទេ គឺ​គេ​ប្រើ​ឆ្នាំ​តាម​គ្រិស្តសករាជ ។
ឧទាហរណ៍៖
គ្រិស្តសករាជ ២០០៧ ។ ក្រៅ​ពី​ប្រើ​ឆ្នាំ​តាម​គ្រិស្ត​សករាជ បារាំង​ប្រើ​ខែ​សុរិយគតិ​ដូច​ជា Janvier (ហ្សង់​វី​យេ), Février (ហ្វេ​វ្រីយេ), Mars (ម៉ាស់), Avril (អាវ្រីល), Mai (ម៉េ), Juin (យូវ៉ាំង), Juillet (ស៊ូយ៉េត), Août (អ៊ូត), Septembre (សេបតមប្រិ៍), Octobre (អុកតូប្រិ៍), Novembre (ណូវ៉មប្រិ៍) និង Décembre (ដេសម​ប្រិ៍) ។
ក្រោយ​មក ក្នុង​រវាង​បណ្តា​ឆ្នាំ ទសវត្ស​ទី​៦០ គណៈកម្មការ​វប្បធម៌​ជាតិ បាន​បង្កើត​ឈ្មោះ ខែ​សុរិយគតិ​ទាំង​១២ ជា​ភាសា​បាលី​ជំនួស​ខែ​សុរិយគតិ​បារាំង ​ដូច​ខាង​ក្រោម​នេះ ៖
១- Janvier = យ៉ាំង​វី​យេ = មករា ២- Février = ហ្វេ​វ្រីយេ = កុម្ភៈ ៣- Mars = ម៉ារ្ស = មីនា ៤-Avril =អាវ្រីល= មេសា ៥- Mai = ម៉េ = ឧសភា៦- Juin = យូវ៉ាំង = មិថុនា ៧- Juillet = ស៊ូយេត= កក្កដា ៨- Août = អ៊ូត = សីហា ៩- Septembre =សេបតមប្រិ៍=កញ្ញា​ ១០- Octobre = ឧកតូប្រិ៍=តុលា ១១- Novembre=ណូវ៉មប្រិ៍=វិច្ឆិកា ១២- Décembre= ដេសមប្រិ៍ =ធ្នូ  ។
នេះ​ជា​ដំណាក់​កាល​នៃ​ការ​វិវត្តន៍​របស់​ភាសា​ និង​អក្សរ​សាស្រ្ត​ខ្មែរ​យើង​ ក្នុង​ជំហាន​ថ្មី​មួយ​ទៀត ។ ប៉ុន្តែ សូម​ជម្រាប​ថា ឈ្មោះ​ខែ​ថ្មី​របស់​ខ្មែរ​យើង ​ដែល​យក​មក​ជំនួស​ខែ​សុរិយគតិ​បារាំង​(ឬសកល) នេះពុំ​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ផ្នែក​ហោរាសាស្រ្ត​សម្រាប់​ទស្សន៍ទាយ ជោគ​ជតារាសី ​គ្រោះ​កាច ​គ្រោះ​ជា... បាន​នោះ​ឡើយ ។ ហោរា​ខ្មែរ​នៅ​តែ​ប្រើ​ខែ​ខាង​ចន្ទគតិ ​សម្រាប់​គន់​គូរ​ដដែល​ដូច​ជា
-មិគសិរ= លេខ ១                    -ជេស្ឋ =​ លេខ ៧
-បុស្ស = លេខ ២                     -អាសាឍ = លេខ ៨
-មាឃ= លេខ ៣                      -ស្រាពណ៍= លេខ ៩
-ផល្គុន = លេខ ៤                    -ភទ្របទ = លេខ ១០
-ចេត្រ = លេខ ៥                     -អស្សុជ = លេខ ១១
-ពិសាខ = លេខ ៦                   -កក្តិក = លេខ ១២

ពាក្យ​អញ្ញត្រ​ស័ព្ទ
(Les mots exceptionnels)

គឺជា​ពាក្យ​មាន​លក្ខណៈ​ពិសេស ខុស​ប្លែក​ពី​ពាក្យ​ឯ​ទៀតៗ​ដោយ​ អក្ខរាវិរុទ្ធ​មិន​ចំណុះ​និង​សូរ​សំឡេង។
ឧទាហរណ៍
-​អ្នក= អាន​ថា =“នាក់” សរសេរ​ជា អ + ្ន + ក=អនក=អ្នក=នាក់ ។
-អញ=អានថា =“អាញ់” សរសេរ​ជា =អញ ។
-(ខាង)លិច(ទិស) អានថា=​“ឡិច” សរសេរ​ជា =លិច ទិស​ដែលព្រះ​អាទិត្យ​លិច ។
-មាតា=អាន​ថា =“មាដា” សរសេរ​ជា =មាតា= ត> ដ; បាលី​មាតា(មា+តា) អាន​ជា​សំឡេង​ខ្មែរ=​ម៉ែ ។
-មណ្ឌប. ន. អានថា មាន់​ដប់ = វិមាន, រោង ។
-ភ្នំ​ព្រះ​សុមេរុ = អាន​ថា “ព្រះ​សុម៉ែ” ភ្នំ​ខ្ពស់​ជាង​គេ​ក្នុង​លោក ។
-ខេត្ត = អាន​ថា “ខែត” មក​ពី​បាលី ខេត្ត=​ស្រែ ។
-វិសេស= អានថា “វិសែស” មក​ពី​បាលី វិសេស=​ ភាព​ប្លែក ។
-សេពគប់= អាន​ថា “សែបគប់” ទាក់​ទង​រាប់​រក; បាលី​ក្លាយ​ខ្មែរ ។
-តេមិយៈ= អាថា “ឌីម៉ែ​ ឬ ព្រះ​ឌីម៉ែ” រឿង​ទី​ ១ ​ក្នុង​ទសជាតក; ... ។
-តេជោ= អានថា “ដែជោ” មក​ពី​បាលី “តេជ”= អំណាច ។
-បណ្ឌិត=ហៅ​ក្លាយ​ជា “អន្ទិត” មក​ពី​ពាក្យ​បាលី=​ជន​អ្នក​មាន​ប្រាជ្ញា ។​
-បេតី= អាន​ថា “ប៉ែតី”, ក្លាយ​មក​ពី​ “បីតិ” ។
-ចេតិយ= អាន​ថា “ចែដី” មក​ពី​ពាក្យ​​បាលី=​ទីដែល​គេ​គោរព​បូជា ។
-ចេស្តា= អានថា “ចែស្តា” មក​ពី​សំស្រ្កឹត=សង្វាត​ប្រឹង​ប្រែង ។
-ចេតនា= អាន​ថា “ចែតាណា” មក​ពី​បាលី​= ផ្តួច​គិត,​ ផ្តោត​ចិត្ត ។
-ព្រះ​ធរណី= អានថា “ព្រះធរនី” មក​ពី​បាលី​,សំស្រ្កឹត= ផែន​ដី[22] ។
-ប្រពៃណី= អានថា “ប្រពៃនី[23]” មក​ពី​បាលី= ទំនៀម, ពូជពង្ស ។
-អនុលោម= អានថា “អនុឡោម” មក​ពី​បាលី=​ បណ្តោយ​តាម, យល់​តាម ។
ខ្ញុំ​ស្រង់​ពាក្យ “អញ្ញត្រស័ព្ទ” ខ្លះៗ​ប៉ុណ្ណេះ​ យក​បង្ហាញ​ជូន​អស់​លោក ​គ្រាន់​បាន​ជា​គំរូ​ប៉ុណ្ណោះ ។ នៅ​មាន​ពាក្យ​ប្រភេទ​នេះ​ច្រើន​ទៀត ។ សូម​អស់​លោក​ជួយ​ស្រាវ​ជ្រាវ​បន្ថែម តាម​ការ​គួរ ។
សង្កេត ៖ ក្នុង​ចំណោម​អញ្ញត្រ​ស័ព្ទ​ទាំង​អស់​នេះ យើង​សង្កេត​ ឃើញ​មាន​លក្ខណៈ​ពិសេស ៥ យ៉ាង​គឺ ៖
១-ពាក្យ​ទាំង​នេះ​ ច្រើន​តែ​ក្លាយ​មក​ពី​ពាក្យ​បាលី​ និង​សំស្ក្រឹត ។
២-យក​សំឡេង “ ដ ” មក​ជំនួស សំឡេង “ ត ” ; ឧ. បីដា ‹​ បិតា​ ។
៣-យក​ស្រៈ “ ែ ” មក​ជំនួស​ស្រៈ “ េ ” ឧ. ចែដី ‹​ ចេតិយ ។
៤-យក​ព្យញ្ជនៈ​សំឡេង “ អ៊ ” មក​ជំនួស​ព្យញ្ជនៈ​សំឡេង “ អ ” ; ឧ. ព្រះ​ធរនី ‹​ ព្រះ​ធរណី, ប្រពៃនី ‹​ ប្រពៃណី ។
៥-យក្យ​ព្យញ្ជនៈ​សំឡេង “ អ ” មក​ជំនួស​ព្យញ្ជនៈ​សំឡេង “ អ៊ ” ឧ.ទិស​ខាង​ឡិច ...។ បាតុ​ភូត​អញ្ញត្រ​ស័ព្ទ​ គឺ​ជា “សោភ័ណ​ភាសា” ដែល​ទាំង​អ្នក​អក្សរ​សាស្រ្ត​ ទាំង​មហាជន​ព្រម​ព្រៀង​គ្នា​ប្រឌិត​ឡើង សម្រាប់​សម្រួល​ការ​និយាយ​ស្តី ឲ្យ​ស្រួល​មាត់ ។ រីឯការ​សរសេរ​វិញ​ ត្រូវ​តែ​គោរព​អក្ខរាវិរុទ្ធដោយ​អនុលោម​ទៅ​តាម​ជាតិ​សព្ទ​(Etymologie) របស់​ពាក្យ ។
២១- អក្ស​រ​កាត់
នៅ​ក្នុង​ការ​សរសេរ​អត្ថបទ​ផ្សេងៗ ជួន​កាល​គេ​សរសេរ​ពាក្យ​នៅ​ក្នុង​ឃ្លា​ណា​មួយ​ដោយ​ប្រើ​ពាក្យ​ពេញលេញ​ទាំង​ស្រុង​តែ​ម្ដង ។ ឧ. អង្គការសុខភាព​ពិភពលោក (O.M.S.) ។
ជួន​កាល​ក្នុង​កាលៈទេសៈ​ខ្លះ​ទៀត ដោយ​គេ​ចង់​ចំណេញ​ពេល ចំណេញ​ក្រដាស គេ​តែង​តែ​រិះរក​វិធី​បំព្រួញ​សង្ខេប​ពាក្យ​ពេញលេញ​នោះ​ឲ្យ​ខ្លី ប៉ុន្តែនៅ​តែ​រក្សា​បាន​អត្ថន័យ​ខ្លឹមសារ​វា​ទាំង​ស្រុង​ដដែល ។
ឧ. អង្គការសហប្រជាជាតិ ​រួម​មក​នៅ​ត្រឹម អ. ស. ប.
សហរដ្ឋ​អាមេរិក ​ ស. រ. អា.
គណកម្មាធិការ​ជាតិ​ភាសាខ្មែរ គ. ជ. ភ. ខ.
សេចក្ដី​ជូន​ដំណឹង ស. ជ. ណ.
វិធី៖ គេ​ជ្រើស​យក​ព្យញ្ជានៈ​​ក្នុង​ពាក្យ​ណាមួយ​ធ្វើ​ជា​គោល​ ។ ពាក្យ​គោល​នៅ​ក្នុង​ឃ្លា​ណាមួយ​នោះ​ ត្រូវ​បាន​កំណត់​ជ្រើសរើស​យក​មក​ដាក់​តម្រៀប​ជា​បន្តបន្ទាប់​រហូត​ដល់​អស់​ពាក្យ​គោល ដូច​មាន​បញ្ជាក់​ជូន​នៅ​ក្នុង​ឧទាហរណ៍​ខាង​លើ​ស្រាប់ ។ ​
២២- ឋានៈរបស់​ពាក្យ
ក/​ ចំពោះ​ព្រះសង្ឃ​ និង​ព្រះ​រាជា
ដើម្បី​រាប់​កំណត់​ចំនួន​ ព្រះ​រាជា​នោះ គេ​ប្រើ​ពាក្យ​ភ្ជាប់​ថា “អង្គ” ៖
ឧ. ​ព្រះ​មហាក្សត្រា ក្សត្រី យាង​ចូល​ប្រថាប់​ក្នុង​រាជរោង​មាន ១៧ អង្គ​ ។
ដើម្បី​កំណត់​ចំនួន​ព្រះសង្ឃ​ គេ​ប្រើ​ពាក្យ​ភ្ជាប់​ថា “អង្គ” ៖
ឧ.ក្នុង​ពិធី​ចម្រើន​ព្រះ​បរិត្ត​បុណ្យ​ទក្ខិណា​នុប្បទាន​នេះ គេ​និមន្ត​ព្រះសង្ឃ ១០ “អង្គ” ។
បញ្ជាក់ ៖ ពាក្យ​សង្ឃស័ព្ទ និង​រាជស័ព្ទ ​មួយ​ចំនួន គឺ​ជាន់​គ្នា​តែ​មួយ​ប្រើ​ពាក្យ​ដូច​គ្នា ដូច​ករណី​ខាង​លើ​ជា​ភស្តុតាង​ស្រាប់ ។ ព្រះរាជា​ឈឺ​ និង​ព្រះ​សង្ឃឈឺ គេ​អាច​ហៅ​ថា “ អាពាធ ” ដូច​គ្នា​បាន​ តែ​ចំពោះ​ព្រះ​រាជា​ មាន​ពាក្យ​ម្យ៉ាង​ទៀត​ថា “ ប្រឈួន ” ។
ខ្មែរ​យើង​ប្រើ​ពាក្យ​ពិសេសៗ ​សម្រាប់​តម្រូវ​នឹង​ឋានៈ​មនុស្ស​ក្នុង​សង្គម ។ ដូច្នេះ ​ព្រះ​សង្ឃ និង​ព្រះរាជា ជា​ជន​មាន​ឋានៈ​ខ្ពស់​ក្នុង​សង្គម ដែល​គេ​អាច​សន្មតថា ជា “ ឧត្តមភេទ” ដូច្នេះ​ត្រូវ​តែ​មាន​ពាក្យ​ខ្ពង់​ខ្ពស់​យក​មក​ប្រើ​ ឲ្យ​ត្រូវ​ទៅ​តាម​ឋានៈ​នាទី ក្នុង​សង្គម​ដូច​ជម្រាប​ខាង​លើ ។
ខ/ ចំពោះ​មនុស្ស​ដែល​មាន​ឋានន្តរសក្តិ​ខ្ពង់​ខ្ពស់
ដើម្បី​កំណត់​ចំនួន​មនុស្ស​មាន​យសសក្តិ​ខ្ពង់​ខ្ពស់​វិញ​  គេ​ប្រើ​ពាក្យ “រូប” ៖
ឧ. នៅ​ក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​ នៅ​ខេត្ត​កំពង់​ចាម មាន​អស់​លោក​រដ្ឋមន្រ្តី តំណាង​រាស្រ្ត ចូល​រួម​ប្រមាណ ៣០ រូប ។
គ/ ចំពោះ​មនុស្ស​សាមញ្ញ​ធម្មតា
ក្នុង​ការ​រាប់​កំណត់​ចំនួន​មនុស្ស​សាមញ្ញ​ធម្មតា ​គេ​ភ្ជាប់​ពាក្យ​ “នាក់” ៖
ឧ. នៅ​ក្នុង​ពិធីបុណ្យ​ សុំ​ទឹក​ភ្លៀង​នៅ​ទី​ទួល​អ្នក​តា​ដើម​ពោធិ៍ មាន​មនុស្ស​ប្រុស​​ស្រី ក្មេង​ចាស់​ចំនួន​ប្រមាណ​ជាង​៥០០ នាក់ ចូល​រួម ។
ឃ/ ចំពោះ​សត្វ​ទូទៅ
ក្នុង​ការ​គិត​គន់​គណនា​ចំនួន​សត្វ​ទូទៅ គេ​តែង​ប្រើ​ពាក្យ “ក្បាល” ៖
ឧ. គេ​ពិឃាត​គោ ​និង​ជ្រូក​អស់​ចំនួន ៤ ក្បាល ។
-តែ​ដោយ​ឡែក​, បើ​ចំពោះ​សៀវភៅ​វិញ​ ក៏​គេ​ហៅ​ថា “ក្បាល” សៀវភៅ ១០ ក្បាល (ដែរ)​ ។
ង/ ចំពោះ​វត្ថុ​ផ្សេងៗ
-ផ្ទះ គេ​ប្រើ​ពាក្យ “ ខ្នង ” យក​មក​ភ្ជាប់​ពី​ក្រោយ ឧ. ផ្ទះ ៣ ខ្នង ។
-អិដ្ឋ គេ​ប្រើ​ពាក្យ “ ដុំ ” យក​មក​ភ្ជាប់​ពីក្រោយ ឧ. អិដ្ឋ ២០០​ ដុំ ។
-ក្បឿង គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពីក្រោយ ឧ.ក្បឿង ​៥០០០​ សន្លឹក  ។
-សង្កសី គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ចាប់​ពី​ក្រោយ ឧ. ស័ង្កសី ៧០ សន្លឹក ។
-ក្តារ គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពី​ក្រោយ ឧ. ក្តារ​ ១៨០​ សន្លឹក ។
-ក្រដាស គេ​ប្រើ​ពាក្យ “ សន្លឹក ” យក​មក​ភ្ជាប់​ពីក្រោយ ឧ. ក្រដាស ​១០០០ សន្លឹក ។
-គ្រឿង​ឈើ​ធ្វើ​សំណង់ គេ​ប្រើ​ពាក្យ “ ផ្លាន ” យក​មក​ភ្ជាប់​ពី​ក្រោយ រនូត, រត, ប្រម៉េ, ផ្ទោង ៤០ ផ្លាន ។
-រថយន្ត, កប៉ាល់,​ទូក គេ​ប្រើ​ពាក្យ “ គ្រឿង ” យក​មក​ភ្ជាប់​ពី​ក្រោយ ​ឧ. រថយន្ត​ ៣ គ្រឿង ។ ឧ. កប៉ាល់ ២ គ្រឿង ។ ​ឧ. ទូក ៥ គ្រឿង ។
ច/ ចំពោះ​រុក្ខជាតិ
ដំណាំ​ដើម​ឈើ​ធំៗ គេ​ប្រើ​ពាក្យ “ ដើម ” យក​មក​ភ្ជាប់​ពី​ក្រោយ ៖
ឧ. ខ្នុរ ៣០ ដើម ដូង ៥០ ដើម ។
ឆ/ ចំពោះ​សត្វ​ទូទៅ
ដើម្បី​រាប់​កំណត់​ចំនួន​សត្វ​សម្រាប់​ទឹម, គេ​តែង​យក​ពាក្យ​ “ នឹម” មក​ភ្ជាប់​ពី​ក្រោយ ។
ជ/ ចំពោះ​ដំណាំ​វារ, ទ្រើង​តូច​តាច
ដើម្បី​គណនា​ចំនួន​ដំណាំ​ប្រភេទ​នេះ គេ​ប្រើ​ពាក្យ “គុម្ព”​មក​ភ្ជាប់​ពីក្រោយ ៖
ឧ. កសិករ​គំរូ​នៅ​ភូមិ​សំរោង​ បាន​ដាំ​ដំណាំ​បន្លែ​ជា​ច្រើន​ សម្រាប់​លក់​ និង​សម្រាប់​បរិភោគ​ក្នុង​គ្រួសារ​ដូច​ជា ៖
-ត្រឡាច ២០ គុម្ព ។
-ស្ពៃ​ខ្មៅ ១០០ គុម្ព ។
-ខាត់​ណា ៥០ គុម្ព ។
ឈ/ ចំពោះ​ដំណាំ​យក​ស្លឹក, ផ្លែ, ជាវល្លិ៍
ក្នុង​ការ​គណនា​រាប់​ដំណាំ​ប្រភេទ​នេះ គេ​ប្រើ​ពាក្យ “ជន្លង់”​ពី​ខាង​ក្រោយ ៖
ឧ. ពូ​ឡាយ​ ហាក់​ ដែល​មានចម្ការ​ប្រភេទ​ដី​ក្រហម, គាត់​ដាំ​ម្រេច​៥០០ ជន្លង់ ដី​មួយ​ងារ​នៅ​ខាង​ក្រោយ​ផ្ទះ, គាត់​ដាំ ម្លូក្រហម ២០ ជន្លង់​ ។
ញ/ ចំពោះ​សម្លៀក​បំពាក់​ ឬ​វត្ថុ​ផ្សេងៗ​ទៀត
បើ​រាប់​ខោ​មួយ អាវ​មួយ ឬ​សំពត់​មួយ ​អាវ​មួយ, គេ​ថា “ប្រដាប់” ៖
-គឺ​ខោ​អាវ​, សំពត់​អាវ ១ ប្រដាប់ ។
-ឬ​ខោ​អាវ ១ កុំ​ប្លេ ។
-បើ​រាប់​ ឬ​គណនា​សំពត់ គេ​ប្រើ​ពាក្យ​ “ក្បិន” គឺ សំពត់ ១ ក្បិន ។
-បើ​រាប់​កំណត់​ទំហំ​ល្មម​ កាត់​ខោ​អាវ​បាន​គេ​ថា“អាវ” ឧ. កំណាត់ ១ អាវ ។
-បើ​រាប់​គណនា​ស្បែក​ជើង, គេ​ប្រើ​ពាក្យ “សម្រាប់” ឧ. ស្បែក​ជើង ​១ សម្រាប់ ។
-បើ​រាប់​គណនា​សង្រែក, គេ​ប្រើ​ពាក្យ “សម្រាប់” ឧ. សង្រែក​ ១ សម្រាប់ ។
-បើ​រាប់​គណនាចង្កឹះ, គេ​ប្រើ​ពាក្យ “គូ” ឧ. ចង្កឹះ ១ គូ ។
-បើ​រាប់​ ឬ​គណនា​ខ្សែ​វិញ គេ​ភ្ជាប់​ពាក្យ “កន្ទុយ” ពីខាង​ក្រោយ ឧ. ខ្សែ​គោ ១ កន្ទុយ ។
-បើ​រាប់ ​ឬ​គណនា​ចាន​វិញ​ គេ​ភ្ជាប់​ពាក្យ “ស្រាក់ ​ឬ​ឡូ” ពី​ខាង​ក្រោយ ៖
ឧ. ចាន ១ ស្រាក់ ឬ ចាន ១ ឡូ ។
ដ/ ចំពោះ​ផ្លែ​ឈើ
បើ​រាប់ ​ឬ​គណនា​ផ្លែ​ឈើ, គេ​ភ្ជាប់​ពាក្យ ជា​ច្រើន​ប្រភេទ​ដូច​ខាង​ក្រោម ៖
-បើ​ផ្លែ​ឈើ ៤ គេ​ថា ផ្លែ​ឈើ “១ ដំប” ។
-បើ​ផ្លែ​ឈើ ៤០ គេ​ថា ផ្លែ​ឈើ “១ ផ្លូន” ។
-បើ​ផ្លែ​ឈើ ៤០០ គេ​ថា ផ្លែ​ឈើ “១​ ស្លឹក” ។
របៀប​រាប់​សំណាប​ ដែល​ដក​ចង​ជា​កណ្តាប់​បម្រុង​យក​ទៅ​​ស្ទូង​ ក៏​គេ​គិត​ជា “ដំប”, “ផ្លូន”, “ស្លឹក”, ដូច​ផ្លែ​ឈើ​ដែរ ។
-បើរាប់​ផ្លែ​ស្លា គេ​គិត​ជា “ដៃ” ក្នុង ១ ​ដៃ​មាន ១០ ផ្លែ (ស្លា) ។​
-បើ​រាប់​ម្លូ គេ​គិត​ជា “ស្នើ” ក្នុង​១​ស្នើ មាន ១០ សន្លឹក (ម្លូ) ឬ​គេ​គិត​ជា “ត្របក” ក្នុង ១ ​ត្របក​មាន ២០ សន្លឹក (ម្លូ)​ ។
-បើ​រាប់​ដូង គេ​គិត​ជា “ធ្លាយ” គឺ​ចង្កោម​ផ្លែ​ដូង​ដែល​ចេញពី​ ទង​មួយ ។
-បើ​រាប់​ស្លា គេ​គិត​ជា “ស្មែង” គឺ​ចង្កោម​ផ្លែ​ស្លា​ដែល​ចេញពី​ទង​មួយ ៖
ឧ. ដូង ១ ធ្លាយ, ស្លា ១ ស្មែង ។
-បើ​រាប់​សម្លៀក​បំពាក់ ដែល​គេ​វេច គេ​ហៅ​ថា ១ ឬ ២ បង្វេច ។
-បើ​រាប់​សម្លៀក​បំពាក់ ដែល​គេ​វេច​ល្មម​ស្ពាយ​បាន​ គេ​ហៅ​ថា ១ ឬ ២ សម្ពាយ ។
-បើ​របស់​អ្វី​ដែល​គេ​យក​មក​ឆ្វាយ​បានគេ​ហៅ​ថាខ្សែ​មួយចង្វាយ​ ។
-បើ​របស់​អ្វី​ដែល​គេ​យក​មក​យួរ​បាន គេ​ហៅ​ថា មួយ​យួរ ។​
ឋ/ ការ​វាស់​ពេល​វេលា​តាម​បែប​បុរាណ
កាល​ដើម​ឡើយ ខ្មែរ​យើង​ពុំ​ទាន់​មាន​វិធី ឬ​ឧបករណ៍​សម្រាប់​វាស់​ពេល (លម្អិត​ខ្លី) ដូច​គ្រា​បច្ចុប្បន្ន​ឡើយ ។ ហេតុ​នេះ​ ចាស់​បុរាណ លោក​កំណត់​ពេល​វែង​ខ្លី​តាម​រយៈ​ការ​បង្កើត​ពាក្យ​ផ្សេងៗ ហើយ​ពាក្យ​ខ្លះ នៅ​តែ​ប្រើ​រហូត​មក​ទល់​សព្វ​ថ្ងៃ ​មាន​ដូច​ជា ៖
• យាម៖ ក្នុង​ ២៤ ម៉ោង លោក​ចែក​ជា ៦ ឬ ៨ យាម ក្នុង​មួយយាមៗ មាន​ប្រមាណ​ពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេ​គិត​រាប់​យាម​១ ចាប់​ពី​ថ្ងៃ​រះ គិត​ជា​យាម​៣ ឬ​យាម ៤ នៅ​ពេល​ថ្ងៃ​លិច ។ ក្នុង​ ១ យប់ គិត​ជា ៤ យាម គឺ​ពី​ព្រលប់​គិត​ជា​យាម ៤... ដល់​ភ្លឺ គិត​ជា​យាម ៨ ។
• ខួប៖ ការ​គិត​អាយុ​ក្មេង គេ​រាប់​ពី​ខែ ដែល​វា​កើត​ រហូត​មួយ​ជុំ ដល់​ថ្ងៃ​ដដែល​នេះ​វិញ គេ​ហៅ​ថា​មួយ​ខួប​គឺ​ត្រូវ​ជា ១២ ខែ ។ ឧ. បើ​ក្មេង​កើត​នៅ ថ្ងៃ ២ កើត ខែ​មាឃ..... លុះ​ដល់​វិល​មួយ​ជុំ​ខួប​មក​ដល់​ថ្ងៃ ២ កើត ខែ មាឃ នេះ គេ​សន្មត​ថា ក្មេង​នេះ អាយុ​បាន ១ ខួប​ហើយ ។ ការ​រាប់​ឆ្នាំកំណើត ខ្មែរ​យើង​មិន​គិត​តាម​ពុទ្ធ​សករាជ​ឬ​គ្រិស្តសករាជ​ទេ គឺ​កំណត់​តាម​ឆ្នាំ​ទាំង​ ១២ គឺ ឆ្នាំ​ជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ ។ ក្នុង​ ១ ជុំ ខួប​មាន ១២ ឆ្នាំ ... ។
• មួយ​សន្ទុះ៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ អាច​ស្មាន​បាន​ប្រហែល​ជា ១ ម៉ោង ។ ឧ. ដើរ​បាន​មួយ​សន្ទុះ ក៏​ចូល​ដល់​ព្រៃ​ធំ​មួយ.... ។
• មួយ​បោក៖ គឺ​ជា​រយៈ​ពេល​ជា​កំណត់​មួយ ប្រមាណ​ជា​កន្លះ​ម៉ោង ។ ឧ. ដេក​បាន​មួយ​បោក ភ្ញាក់​ឡើង​ភ្លឺ​ល្មម ។
• មួយ​បារី៖ គឺ​ជា​រយៈ​ពេល​ប្រមាណ ១៥ នាទី ។ ឧ. ច្រក​ថ្នាំ​ចំនួន​ពេល​ ១ បារី អ្នក​ជំងឺ​ក៏​ដឹង​ខ្លួន​វិញ ។
• មួយ​សាប​ស្លា៖ រយៈ​ពេល​ប្រហែល​ ២០ នាទី ។ ឧ. ចម្ងាយ​ផ្លូវ​ពី​ភូមិ​ ធ្លក​ទ្រេត​ទៅ ឈើ​ទាល​ជ្រំ គេ​ត្រូវ​ដើរ តែ​១ សាប​ស្លា ប៉ុណ្ណោះ នឹង​បាន​ទៅ​ដល់​ហើយ ។
• ចំណាំ៖ ពេល​ ១ បារី គឺ​រយៈ​ពេល ដែល​គេ​ជក់​ថ្នាំ​អស់ ១ បារី ឯពេល​ ១ សាប​ស្លា គឺ​រយៈ​ពេល​ដែល​អ្នក​ស៊ី​ស្លា កំណត់​ថា​ស្លា​សាប​អស់​រស​ជាតិ​ ត្រូវ​ខ្ជាក់​ចោលកាក​ស្លា​ហើយ ។
• មួយ​ស្រឡេត៖ គឺ​រយៈ​ពេល​ខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេច​មួយ​ស្រឡេត​ទៅ ក៏​យល់​សប្តិ​ឃើញ​ដំរី​ដេញ... ។
• មួយ​ភ្លែត៖ ស្មើ​នឹង​រយៈ​ពេល ៥ នាទី ។ ឧ. កុំ​តាម​ម៉ែ​អី ម៉ែ​ទៅ​តែ​មួយ​ភ្លែត​នឹង​វិល​មក​វិញ​ហើយ ។