ផ្នែកទី៣
ខណ្ឌសញ្ញា (Signes de ponctuation)
ខណ្ឌសញ្ញា គឺជាសញ្ញាមានរូបភាពប្លែកៗ សម្រាប់ប្រើក្នុងការសរសេរអត្ថបទផ្សេងៗ ដើម្បីសម្គាល់លក្ខណៈ ទម្រង់បែបបទ ដែលជាលំនាំឲ្យងាយយល់ ឲ្យអានបានត្រឹមត្រូវ ។១-ក្បៀស ( , ) ឬកណ្ដកសញ្ញា (La virgule)[9]
សញ្ញានេះ ប្រើសម្រាប់ញែកពាក្យក្នុងប្រយោគឲ្យដាច់ពីគ្នា ទោះពាក្យរៀបរាប់នោះ ជានាមក្តី ជាគុណនាមក្តី ជាកិរិយាស័ព្ទក្តី ។ គួរកត់សម្គាល់ថា ការប្រើក្បៀសក្នុងការសរសេររបស់ខ្មែរយើង ក៏ប្រហាក់ប្រហែលនឹងការប្រើក្បៀសរបស់លោកខាងលិចដែរ ។
ក/ ការប្រើក្បៀសក្នុងការពិពណ៌នា រៀបរាប់ជំពូកនាម
ខ/ ការពិពណ៌នារៀបរាប់អសាធារណនាម
គ/ ការពិពណ៌នារៀបរាប់គុណនាម
ឃ/ ការពិពណ៌នារៀបរាប់កិរិយាស័ព្ទ
● កំណត់សម្គាល់ នៅក្នុងឃ្លាប្រយោគបរទេសដូចជា ភាសាបារាំង អង់គ្លេស អេស្ប៉ាញ៉ុលជាដើមនោះ ប្រយោគល្បះណាដែលខ្មែរយើងត្រូវប្រើដកឃ្លា គេប្រើក្បៀសទាំងអស់ ។ នេះអាចជាទម្លាប់ភាសាគេ ឬក៏ធ្វើទៅតាមការតម្រូវចាំបាច់ នៃក្បួនវេយ្យាករណ៍ របស់គេ ។
អត្ថបទខ្មែរយើងពីបុរាណ ដែលចារនៅលើក្រាំងក្ដី សាស្ត្រាស្លឹករឹតក្ដី នៅក្នុងឃ្លាប្រយោគទាំងអស់នោះ ពុំដែលមានប្រើក្បៀសទាល់តែសោះ ។ យើងកត់សម្គាល់ឃើញថា ចាប់តាំងពីប្រទេសយើង ឋិតក្រោមរបបអាណានិគមបារាំងមក ប្រហែលដោយសារបានទទួលឥទ្ធិពល ពីរបៀបរបបសរសេរបែបបារាំង យើងក៏ចាប់ផ្ដើមប្រើក្បៀសជារៀងរហូតមក ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី យើងសង្កេតឃើញមានទំនោរពីរគឺ ៖
ក/-ប្រភេទជនដែលបានរៀនសូត្រចេះដឹងជ្រៅជ្រះភាសាបារាំង ច្រើនសរសេរប្រើក្បៀស ។
ខ/-ប្រភេទជនដែលចេះតែភាសាខ្មែរ ក៏ទទួលយកទម្លាប់មត៌កពីបុព្វបុរសជាន់ដើម ហើយសរសេរឥតប្រើក្បៀសទេ ។
និយាយរួមមក ការប្រើដកឃ្លា ជំនួសក្បៀស ឬប្រើដកឃ្លាផង និងប្រើក្បៀសផង គឺមិនមានអ្វីប្លែកគ្នាខ្លាំងពេកនោះទេ ។ ប៉ុន្តែការប្រើក្បៀស វាមានចរិតច្បាស់លាស់ប្រាកដប្រជាជាង[10] ។
២-ទ្វិពន្ទុលេខ ឬ ចំណុចពីរគូស (៖)
សញ្ញាដែលមានគំនូសផ្តេកនៅខណ្ឌចន្លោះសូន្យពីរ លើមួយក្រោមមួយនេះ គេប្រើសម្រាប់ ៖
ក/ ដាក់នៅចុងបញ្ចប់នៃប្រយោគ ក្នុងន័យកត់ត្រាសម្តីរបស់បុគ្គលណាមួយ ដែលគេស្រង់យកមកដាក់ក្នុងសញ្ញាអញ្ញប្រកាស(“ ”) គេកត់សម្គាល់ឃើញថា សញ្ញាបែបនេះ ច្រើនតែប្រើក្នុងទម្រង់រចនាបថប្រយោគពណ៌នាក្នុងរឿងព្រេង, រឿងនិទាន, ការនិយាយប្រាប់គ្នាពីហេតុការណ៍អតីតកាល ។ល។
ខ⁄ សម្រាប់ដាក់នៅចុងប្រយោគណា ដែលត្រូវបន្តទៅដល់ការរៀបរាប់ ដោយចាត់ជាពួក, ជាផ្នែក ។
សម្គាល់ ៖ មិនត្រូវច្រឡំយុគលពិន្ទុ (ៈ) ជាមួយនិងទ្វិពិន្ទុលេខ (៖) ទេ ។ យុគលពិន្ទុ គ្រាន់តែចុចចំណុចពីរលើក្រោមប៉ុណ្ណោះ, រីឯទ្វិពិន្ទុលេខ គឺមានសូន្យលើ ( ° ) សូនក្រោម (°) ហើយមានរជ្ជុសញ្ញាខណ្ឌចំកណ្តាល គឺយ៉ាងនេះ (៖) ។ សព្វថ្ងៃនេះ យើងឃើញគេប្រើយុគលពិន្ទុតាមបែបអឺរ៉ុប ជំនួសទ្វិពិន្ទុលេខ ដោយមកពីទម្រង់ពុម្ពអក្សរលីម៉ុន (font Limon) ពុំមានសញ្ញាទ្វិពិន្ទុលេខ ក៏តាំងតែយកយុគលពិន្ទុមកប្រើជំនួសឲ្យតែបានៗ សិន រង់ចាំអ្នកបច្ចេកទេសរកឃើញសញ្ញាទ្វិពិន្ទុលេខ នោះនឹងយកមកប្រើឲ្យបានត្រឹមត្រូវតាមវិធានវេយ្យាករណ៍។
ប៉ុន្តែគេអាចប្រើយុគលពិន្ទុបាន នៅក្នុងទម្រង់លិខិតខ្លះៗដូចជា កម្មវត្ថុ[11] ៖ ស្នើសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនយោងៈ លិខិតលេខ... ចុះថ្ងៃទី....
កំណត់សម្គាល់អំពីការប្រើ ឬមិនប្រើយុគលពិន្ទុនៅពីមុខពាក្យ “ថា” ៖
ក/ មិនប្រើយុគលពិន្ទុ ចំពោះតែពាក្យ “ថា[12]” ណាដែលជានិបាតស័ព្ទ ដែលអាចប្រៀបនឹងភាសាបារាំងថា “Que” បានដល់ពាក្យដែលត្រូវកត់ត្រាសម្តីមិនផ្ទាល់របស់តួអង្គ មាននិយាយក្នុង“ Style indirect ” របស់ភាសាបារាំង ដូចជាពាក្យ ៖ ពោលថា, និយាយថា, ទំនាយទាយថា, តិះដៀលថា, ជេរថា, ប្រាប់ថា... ពាក្យទាំងនេះ គេមិនត្រូវប្រើដាក់យុគលពិន្ទុ (ៈ) ពីមុខទេ ។
ខ/ ត្រូវប្រើយុគលពិន្ទុ គេប្រើសញ្ញាយុគលពិន្ទុ (ៈ[13]) ក្នុងករណីកត់ត្រាពាក្យសម្តីផ្ទាល់របស់អ្នកនិពន្ធ ត្រូវគ្នានឹងទម្រង់របស់ភាសាបារាំងថា (Style direct) ។
៣-បុច្ឆនសញ្ញា (?) (Point d'interrogation)
ជាសញ្ញាប្រើសម្រាប់ដាក់ពីខាងក្រោយពាក្យ, ឃ្លា, ល្បះ ចោទសួរជានិច្ច ។ នៅក្នុងពាក្យ, ល្បះ, ឃ្លា, ប្រយោគដែលចោទសួរ គេតែងប្រើជាចាំបាច់នូវពាក្យ ឬរូបមន្តផ្សេងមានជាអាទិ៍៖ តើ, ព្រោះអ្វី, ហេតុអ្វី, ដូចម្តេច, (ក៏, ឬ, បានជា...) យ៉ាងម៉េចក៏..., អ្វីទៅ, ស្អីគេ, អង្កាល់, កាលណា, ... ។ល។ ពាក្យសម្រាប់សួរអាចនៅដើមឃ្លា ឬ នៅចុងឃ្លាក៏បាន ។ ជួនកាលគេមិនចាំបាច់ ប្រើពាក្យសួរ គេគ្រាន់តែដាក់បុច្ឆនសញ្ញាទៅក៏បានដែរ ។
-ល្បះ, ឃ្លា, ពាក្យសំណួរខ្លីៗ ៖ ឃ្លានអ្វី? ម៉េចក៏យំ? ទៅសាលា? ដើរ? ជិះកង់ ?
-គប្បីកត់សម្គាល់ថា សំណួរដដែលគ្រាន់តែផ្លាស់ប្តូរដាក់ពាក្យណាមុន ពាក្យណាក្រោយ ក៏ឲ្យន័យ ឬ រំលេចន័យខុសគ្នាដែរ ។
ក្រៅពីនេះ រាល់សំណួរដែលសុទ្ធតែមានបុច្ឆនសញ្ញានៅចុងល្បះដូចគ្នានេះ អាចមានន័យខុសប្លែកគ្នា ទៅតាមសំឡេងលើកដាក់ថ្នាក់ថ្នម គំហកកំហែង អង្វរករលន់តួ ។
មានបុច្ឆនសញ្ញមួយបែបទៀត ដែលច្រើនឃើញប្រើនៅក្នុងរូបគំនូរកំប្លែង (Caricature) ។
៤-ឧទានសញ្ញា (!) (Point d'exclamation)
សញ្ញាបង្គោលបញ្ឈរដែលមានចំណុច (!) មួយនៅពីក្រោមនេះ គេប្រើសម្រាប់ដាក់នៅពីក្រោយ ពាក្យ ឃ្លា ល្បះ ភ្ញាក់ផ្អើលតក់ស្លុត ស្ងើច ភ័យ អាសន្ន ខ្លាច បញ្ជាដាច់ខាត បែបន់ អធិដ្ឋាន សម្រែកជយឃោស គំរាមកំហែង ។ ជួនកាលគេក៏ប្រើឧទានសញ្ញាជាមួយនឹងឃ្លា កំហឹង បន្ទោស ឬ ជេរផងដែរ ។
៥-អញ្ញប្រកាស[14] ( “...” )
គឺជាសញ្ញាឃ្នាបម្យ៉ាង ដែលនៅខាងដើមមានរាងកោងខ្វឹកកួចពីរឡើងទៅលើ ឯខាងចុងជាសញ្ញាខ្វឹកពីររាងកោង កួចទម្លាក់ចុះក្រោម ។ គេប្រើសញ្ញានេះសម្រាប់៖
ក/ គាប ឬកត់ត្រាដកស្រង់សេចក្តីសំខាន់របស់ជនណាម្នាក់ ទុកជាសេចក្តីពិសេសដោយឡែក ជាការរំលេច ឬបញ្ជាក់ឲ្យប្លែកពីន័យរបស់បរិបទ ។
ខ/ ដកស្រង់គំនិត, សម្តីរបស់តួអង្គណាមួយក្នុងរឿង ។
គ/ ដកស្រង់តួអង្គណាមួយ ដែលមានកិត្តិស័ព្ទល្បីល្បាញ
ឃ/ ដកស្រង់សេចក្តីឬអត្ថន័យមានលក្ខណៈលេចធ្លោ ។
៦-អព្ភន្តរសញ្ញា[15] (‘...’)
សញ្ញានេះ ខុសប្លែកពីអញ្ញប្រកាស ដោយប្រើតែខ្វឹកសញ្ញាមួយនៅខាងដើម និងក្បៀសសញ្ញាមួយនៅខាងចុង ។ របៀបប្រើនសអព្ភន្តរសញ្ញាខុសគ្នាបន្តិច ពីសញ្ញាអញ្ញប្រកាស ដោយប្រើអព្ភន្តរសញ្ញាជាឃ្នាបពាក្យឋិតនៅក្នុងរង្វង់ផែនពាក្យ ដែលដាក់ឃ្នាបដោយសញ្ញាអញ្ញប្រកាស ។
សូមអនុញ្ញាតជម្រាបថា៖ នៅក្នុងសៀវភៅឯកសារជាទូទៅ គេកម្រឃើញអ្នកនិពន្ធប្រើសញ្ញានេះណាស់ ។ ជួនកាលគេប្រើអព្ភន្តរសញ្ញា ឬអញ្ញប្រកាស ក្នុងគោលដៅតែមួយដូចគ្នា ។ នៅក្នុងសៀវភៅវេយ្យាករណ៍របស់លោក ពូវ អ៊ុម លោកចាត់ទុកអព្ភន្តរសញ្ញាថា ជាសញ្ញាអញ្ញប្រកាស ( សៀវភៅវេយ្យាករណ៍ ពូវ អ៊ុម ទំព័រ ៨ ) ចំណែកនៅក្នុងវចនានុក្រមសម្តេចជួនណាត ទំព័រ ១៦៥៦-៥៧ វិញ ក៏បង្ហាញអព្ភន្តរសញ្ញា “ ....” មានរូបសណ្ឋានយ៉ាងនេះដែរ ។ លោកបានពន្យល់ពាក្យអព្ភន្តរសញ្ញាយ៉ាងនេះថា ៖ ពាក្យសន្មតហៅវណ្ណយុត្តិ ដែលពួកវេយ្យាករណ៍បណ្ឌិតក្នុងប្រទេសអឺរ៉ុប បង្កើតឡើងសម្រាប់ប្រើរាំងពាក្យ ឬសេចក្តីមានរូបសណ្ឋានពីរបែបគឺ (“...”) ឬ («...»)[16] ។
ដូច្នេះ ដោយយល់ឃើញថា កិច្ចការសរសេរតែងនិពន្ធនាពេលបច្ចុប្បន្ននេះ មានសភាពល្អិតល្អន់ស៊ីជម្រៅ និងហ្មត់ចត់ យើងគួរតែបញ្ចូលអព្ភន្តរសញ្ញា ដែលមានរូបសណ្ឋានបែបនេះ ( ‘... ’ ) មកប្រើបន្ថែមទៀត ដោយបំបែកចេញពីអញ្ញប្រកាស ( “...” ) ។
៧-មច្ឆណ្ឌសញ្ញា ឬ ពងត្រី (...) (point de Suspension)
ជួនកាលគេហៅថា (ចំណុចរាយ) ផងក៏មាន ។ សញ្ញាដែលមានចំណុចបីបន្តបន្ទាប់ជាប់គ្នានេះ សម្រាប់សម្គាល់ប្រយោគណាមួយ ដែលនៅមានសេចក្តីបន្តទៀត ប៉ុន្តែអ្នកសរសេរបានផ្អាកបញ្ឈប់លែងពណ៌នា ដោយដាក់សញ្ញាពងត្រីនេះ ប្រាប់ជាដំណឹង ។ របៀបប្រើពងត្រីមានបែបផែនប្លែកៗដូចតទៅ ៖
ក/ ជាសញ្ញាកាត់ពាក្យសម្តីគូសន្ទនាម្នាក់ ដែលកំពុងនិយាយឲ្យដាច់កណ្តាលឃ្លា ។
ខ/ ជាសញ្ញាសម្រាប់ផ្អាកពាក្យសម្តី មិនចង់និយាយបន្តដោយទុកឲ្យគូសន្ទនាយល់ ឬ ក៏បង្កប់ទុកនូវពាក្យគំរាមកំហែង ពាក្យបណ្តាសា... ។
គ/ ផ្អាកសេចក្តីត្រឹមប៉ុណ្ណឹងសិន ឬស្លេះទុក ដោយមិនចង់ឲ្យសេចក្តីមានន័យដូចគ្នានេះ វែងអន្លាយពេក ។
ឃ/ សម្រាប់ប្រាប់អំពីពាក្យឃ្លា ដែលបាត់រលុបមានសេចក្តីមិនច្បាស់ ដកយកចេញពីសិលាចារឹកជាដើម ។
៨-វង់ក្រចក ឬនខសញ្ញា ( )
បានជាគេឲ្យឈ្មោះដូច្នេះ ព្រោះវាមានសណ្ឋានរាងកោងដូចវង់ក្រចកយើងពិតៗ ។ គេប្រើសញ្ញាវង់ក្រចកសម្រាប់ ៖
ក/ គាបពាក្យ ឬសេចក្ដី ដែលគេចង់ពន្យល់ន័យ ។
ខ/ គាបពាក្យដែលសរសេរជាអក្សរកាត់ ។
៩-វង់តង្កៀប [.....]
នៅក្នុងភាសាខ្មែរគេមិនស្រូវប្រើសញ្ញាវង់តង្កៀបនេះទេព្រោះយើងមានវណ្ណយុត្តិ និងខណ្ឌសញ្ញាយ៉ាងច្រើន សមស្របនឹងប្រើក្នុងអត្ថបទជាភាសាខ្មែរគ្រប់គ្រាន់អស់ហើយ ។ ប៉ុន្តែនៅក្នុងការគណនាលេខផ្នែកពីជគណិត(Algèbre) យើងយកមកប្រើតាមពួកអឺរ៉ុប ។
១០-រ៉ាត់ ឬឃ្នាប ( } ឬ { ....} ) (Accolade)
សញ្ញានេះ ខ្មែរខ្លះហៅថា ពុកមាត់មេអំបៅ ។
ក/ នៅក្នុងមុខវិជ្ជាពីជគណិត របៀបប្រើឃ្នាប ឬរ៉ាត់មានន័យដូចគ្នា នឹងការប្រើតង្កៀប ឬវង់ក្រចកដែរ ។ គេតែងតែប្រើរ៉ាត់មួយសម្រាប់បើក ( { ) និងរ៉ាត់មួយទៀតសម្រាប់បិទ ( } ) គឺបែបនេះ {.....} ។
ខ/ រ៉ាត់បើក និងរ៉ាត់បិទនេះ ប្រើសម្រាប់គាបពាក្យពីរ ឬច្រើនជាការសម្គាល់ថា ពាក្យទាំងនោះមានមុខងាររួមដូចគ្នា មិនបាច់សរសេរដដែលច្រើនដងនាំខាតពេល ។
១១-បេយ្យាលៈ ឬ លៈ (។ល។)
គេមិនសូវអានថា បេយ្យាលៈទេ ព្រោះវែងពេក គេអានកាត់យកតែខាងចុងត្រង់សូរថា ឡាក់, ឡៈ សរសេរថា ៖ (។ល។) ត្រូវនឹងពាក្យបារាំងថា (et cetera) សរសេរអក្សរកាត់ថា (etc.) ។ គេប្រើសម្រាប់បំព្រួញសេចក្តីឯណានីមួយ ឬការរៀបរាប់ដែលវែងឲ្យនៅខ្លី ដោយគិតថា អ្នកអានក៏ដឹងថា នៅមានពាក្យ និងសេចក្តីអ្វីខ្លះទៀត ។
១២- ខណ្ឌ ឬ ខណ្ឌសញ្ញា (។)
គេប្រើសញ្ញាខណ្ឌនេះ សម្រាប់រាំងខាំងប្រយោគ ឬសង្កាត់នៃសេចក្តីនីមួយៗ ឲ្យដាច់ស្រឡះពីគ្នា ។ កាលណាប្រយោគមួយចាប់សេចក្តីហើយ គេត្រូវដាក់សញ្ញា (។) នេះ មុននឹងបន្តទៅប្រយោគមួយទៀត ។ ខណ្ឌសញ្ញា ធ្វើឲ្យគេងាយយល់ អាចញែកសេចក្តីពីប្រយោគមួយទៅប្រយោគមួយ មិនឲ្យច្រឡំន័យ នាំច្របូកប្របល់ ។ ហើយនៅចន្លោះ ខណ្ឌសញ្ញា ការដកឃ្លា ក៏ជួយសម្រួលឲ្យអ្នកអានងាយយល់ ងាយចាប់សេចក្តីបាន ។ មានតែការប៉ិនប្រសប់របស់អ្នកសរសេរតែងនិពន្ធទេ ដែលអាចយល់ដឹងដល់ការចាំបាច់នៃការដកឃ្លា ការដាក់ខណ្ឌសញ្ញាឲ្យបានត្រឹមត្រូវទេ ទើបធ្វើឲ្យអត្ថបទមានតម្លៃ មានន័យគួរជាទីចាប់អារម្មណ៍ ។
ប៉ុន្តែកាលណាគេត្រូវប្តូរគំនិតចូលទៅវគ្គ ឬកថាខណ្ឌថ្មីនោះ គេត្រូវដាក់សញ្ញាខណ្ឌទៅចុងបញ្ចប់ប្រយោគ រួចហើយត្រូវចាប់សរសេរដោយចុះទៅបន្ទាត់ថ្មី ជាមួយនឹងការចោលលំហបន្តិចដែលគេតែងនិយមហៅថា ខណ្ឌ ចុះបន្ទាត់ឬចោលបន្ទាត់ និងចាប់ដើមបន្ទាត់ (នេះជាការប្រាប់ដំណឹងរបស់អ្នកហៅសរសេរតាមសូត្រ )
១៣- ខណ្ឌចប់ ( ៕ )
ជាសញ្ញាសម្រាប់ដាក់បញ្ចប់អត្ថបទ ឬរឿងមួយតែត្រឹមនេះពុំមានតសេចក្តី ឬរឿងរ៉ាវទៅមុខទៀតឡើយ ។
១៤- អាទិសង្កេត ( . )
គឺជាចំណុចមួយដែលដាក់ពីមុខអក្សរ ដែលគេសរសេរកាត់ដូចជា ស.រ.អា. (សហរដ្ឋអាមេរិក), អ.ស.ប. (អង្គការសហរប្រជាជាតិ) គ.ជ.ប. (គណៈកម្មការជាតិរៀបចំការបោះឆ្នោត) ជួនកាលគេប្រើអាទិសង្កេត ដើម្បីដាក់ពីមុខលេខរៀង មាតិកាដែលរៀបរាប់ចំណងជើងរង (Sous-titre) ដូចជា ៖
១. មង្គលការ អបមង្គល
២. ស្វាស្អប់ចេក ក្អែកស្អប់ពងមាន់
៣. ចង់រត់ចេញពីសង្គម...
ជួនកាលក្នុងករណីដូចខាងលើនេះ គេប្រើរជ្ជុសញ្ញា (-) ខ្លះ ៗ ដែរ ។
១៥- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙)
បុព្វកវីនិពន្ធខ្មែរធ្លាប់ប្រើសញ្ញានេះ សម្រាប់ចាប់ផ្តើមសរសេរអត្ថបទ ឬសេចក្តីរឿងអ្វីមួយ ដើម្បីកំណត់ទុកជាចំណុចចាប់ផ្តើម ។ តែពេលបច្ចុប្បន្ននេះ អ្នកនិពន្ធ កវីលែងប្រើសញ្ញានេះហើយ ។ ជាពិសេសនៅពេលចាប់ផ្តើមសរសេរកំណាព្យ នោះកវីបុរាណយើងច្រើនប្រើសញ្ញា (៙) ដូច្នេះ ។ បច្ចុប្បន្ននេះ មានកវីសម័យទំនើបខ្លះក៏ផ្តើមប្រើសញ្ញាផ្នែកមាន់ ដែលមានក្បៀសពីរនេះ នៅពេលចាប់ផ្តើមបើកបទកំណាព្យ ។
១៦-ខណ្ឌបរិយោសាន ឬ គោមូត្រ (។៚)
គឺជាសញ្ញាយកតាមរូបសណ្ឋានដាននោមគោ ដែលនោមផងដើរផង បណ្តាលឲ្យមានរាងក្ងិក្ងក់បែបនេះ ហើយខ្មែរបុរាណក៏សន្មតយកមកធ្វើជាសញ្ញាខណ្ឌបញ្ចប់ ដែលហៅតាមពាក្យបាលីថា “គោមូត្រ” គឺនោមគោដូច្នេះទៅ ។ ចាស់បុរាណលោកប្រើខណ្ឌបរិយោសាន ឬ បរិយាន ឬគោមូត្រនេះ សម្រាប់បញ្ជាក់សេចក្តីនិយាយពីរឿងរ៉ាវអ្វីមួយឬអត្ថបទ បទបាទបាលីគាថាណាមួយ ។ សព្វថ្ងៃនេះ អ្នកនិពន្ធមួយចំនួន បានប្រើសញ្ញាពីរគឺ៖ ឬមួយ ៕ ឬមួយ ។៚ ។ ការប្រើគោមូត្រនេះ គឺចង់រក្សាសម្បត្តិវប្បធម៌ពីបុរាណឲ្យនៅគង់វង្ស ។យើងឃើញអ្នកកាសែតមួយចំនួន មានប្រើសញ្ញាគោមូត្រផងដែរ ៕៚
១៧-អំពីលេខខ្មែរ
តាំងពីយូរមកហើយ ខ្មែរយើងប្រើលេខ ព្រមជាមួយនឹងការបង្កើតតួអក្សរ សម្រាប់ចារឹក និងកត់ត្រាហេតុការណ៍ផ្សេងៗ ។ លេខមានសារៈសំខាន់ ជាពិសេសក្នុងការកត់ត្រាចំនួនលុយកាក់ គោក្របី ស្រែភ្លឺ ខ្ញុំកំដរ... ។ កត់ត្រា អាយុ (ចំនួនឆ្នាំ) ដែលខ្លួនរស់នៅកត់ត្រាចំនួនប្រាក់ ដែលគេមកខ្ចីបុល... ។
នៅពេលបច្ចុប្បន្ន លេខត្រូវបានប្រើប្រាស់សម្រាប់គណនាលុយកាក់ថវិកាចំណូលចំណាយ ។ ពិសេសស្ថាប័នហិរញ្ញវត្ថុ, ស្ថាប័នសេដ្ឋកិច្ច, ធនាគារ, ពាណិជ្ជកម្ម ត្រូវការប្រើប្រាស់តួលេខជាចម្បងបំផុត ។ ព្រោះតែ “លេខ” មានតួនាទីសំខាន់នៅក្នុងសង្គមនេះហើយ ទើបមានពាក្យស្លោកមួយឃ្លាចែងថា៖“សម្តីជាឯក លេខជាទោ អក្សរជាត្រី ” តាំងពីសម័យដើមមកទល់ពេលនេះ ទម្រង់បែបផែនលេខដែលខ្មែរយើងប្រើប្រាស់មាន៖
ក/ លេខទំនើបដែលខ្មែរយើងប្រើសព្វថ្ងៃគឺ ៖
0, ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩ ។
ខ/ លេខអារ៉ាប់ ៖
0, 1, 2, 3, 4, 5, 6, 7, 8, 9 ។
ស្ទើរតែនៅលើសកលលោក គេប្រើលេខនេះ ទុកដូចជាលេខអន្តរជាតិទៅហើយ ។
គ/ លេខខ្មែរបុរាណ
លេខប្រភេទនេះ មានតែពួក “ ហោរា ” (Astrologue) ប៉ុណ្ណោះ ដែលប្រើក្នុងការទស្សន៍ទាយ ជោគតារាសីឲ្យមនុស្សទូទៅ និងទស្សន៍ទាយមើលសុខទុក្ខ, ព្រឹត្តិការណ៍, ទឹកភ្លៀង ឬកេណ្ឌធារាសាស្រ្តផលាផលប្រចាំឆ្នាំ សម្រាប់ចុះផ្សាយក្នុងមហាសង្រ្កាន្ត ។ គេរាប់លេខនេះថា ៖ ឯក, ទោ, ត្រី, ចត្វា, បញ្ច, ឆ, ស័ប្ត, អដ្ឋ, នព, សំរិទ្ធិ ។ សូមបង្ហាញជូននូវរូបសញ្ញានៃលេខខ្មែរបុរាណដូចខាងក្រោម ៖
៰, ៱, ៲, ៳, ៴, ៵, ៶, ៷, ៸, ៹ ។
ឃ/លេខរ៉ូម៉ាំង (Chiffre romain)
លេខរ៉ូម៉ាំង ច្រើនសរសេរ ៖
ក- នៅលើមុខនាឡិកាប៉ោលព្យួរជញ្ជាំង
ខ- សម្រាប់កត់ត្រា ភាគ, ជំពូក, ផ្នែក, នៃអត្ថបទ ឯកសារសៀវភៅផ្សេងៗ ។ខាងក្រោមនេះ គឺរូបសញ្ញាតួនៃលេខរ៉ូម៉ាំង I, II, III, IV, V, VI, VII, VIII, IX, X [17]។
នៅកម្ពុជាយើង គេប្រើទាំងអស់ លេខទាំងប៉ុន្មានដែលបានបង្ហាញជូនខាងលើ ។ លើកលែងតែអស់លោក“ហោរា” ទេ ដែលប្រើលេខខ្មែរបុរាណ ក្នុងការគណនាទស្សន៍ទាយ តាមលេខអត្តៈទស្សន៍ទាយ ជោគជតារាសី ។
១៨-ការចុះកាលបរិច្ឆេទ
ការចុះកាលបរិច្ឆេទមានតួនាទីសំខាន់ជាចម្បង ព្រោះតាមរយៈកាលបរិច្ឆេទ គេអាចដឹងអំពីកាលវេលា ដែលព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានាបានកើតឡើង ។ ឧ. កាលបរិច្ឆេទនៃការឡើងសោយរាជ្យនៃស្តេចអង្គណាមួយ, កាលបរិច្ឆេទនៃការកសាងប្រាសាទ... កាលបរិច្ឆេទនៃជ័យជម្នះរបស់ជាតិយើង ទៅលើគូសត្រូវ កាលបរិច្ឆេទនៃការចាកចោលក្រុងអង្គរ... កាលបរិច្ឆេទនៃការផ្លាស់ប្តូររាជធានី ។ល។ នៅក្នុងគ្រួសារមួយ ការសាងសង់ផ្ទះថ្មី ក៏មានចារឹកកាលបរិច្ឆេទទុកជាសម្គាល់ សម្រាប់ឲ្យសមាជិកគ្រួសារជំនាន់ក្រោយៗបានដឹង។ នៅតាមចេតិយ ម៉ុងបញ្ចុះសព ក៏គ្រួសារនីមួយៗ តែងតែសរសេរឈ្មោះ បុគ្គលជាសាច់ញាតិដែលស្លាប់ ។
- ការចុះកាលបរិច្ឆេទតាមបែបបុរាណ
ចាប់ពីរវាងសតវត្សទី១៦ រហូតមកទល់ដើមសម័យភ្នំពេញបុព្វបុរសយើងប្រើរបៀបម្យ៉ាង សម្រាប់ធ្វើជារូបមន្តនៃការចុះកាលបរិច្ឆេទ ។ គោលសំខាន់នៃរូបមន្តនោះ គឺលោកដាក់សញ្ញាខណ្ឌ (។) ទុកជាគោលសម្រាប់ធ្វើស្នូលកណ្តាល ។ យើងឃើញការចុះកាលបរិច្ឆេទរបៀបនេះ នៅលើចេតិយ នៅលើសំណង់ផ្សេងៗ ខាងពុទ្ធសាសនា ជាពិសេស យើងឃើញនៅគ្រប់តែសន្លឹកខាងដើមបំផុត ឬសន្លឹកចុងបញ្ចប់នៃសាស្រ្តាសឹ្លករឹត ។ ឧទាហរណ៍៖ ថ្ងៃអង្គារ ១១ កើត ពិសាខ ព.ស. ២៥៤៩ គ.ស. ២០០៥ នោះគេសរសេរបែបនេះវិញ ៖
ព.ស. ២៥៤៩
៣ ᧫ ៦ ឆ្នាំមមែ ____________
គ.ស. ២០០៥
នេះគឺជារបៀបចុះកាលបរិច្ឆេទបែបសង្ខេបខ្លី ។ ខ្ញុំគ្រាន់តែសូមជម្រាបថា ដើម្បីចេះចុះកាលបរិច្ឆេទរបៀបបុរាណនេះ គេត្រូវចេះចាំថ្ងៃទាំង ៧ ឲ្យស្ទាត់ គឺ អាទិត្យ (លេខ១) ច័ន្ទ (លេខ២) អង្គារ (លេខ៣) ពុធ (លេខ៤) ប្រហស្បតិ៍ (លេខ៥) សុក្រ (លេខ៦) សៅរ៍ (លេខ៧) ។ រួចហើយត្រូវចេះ រាប់ខែចន្ទគតិឲ្យស្ទាត់ ដោយដាក់លេខឲ្យខែនីមួយៗផងគឺ៖ មិគសិរ (លេខ១) បុស្ស (លេខ២) មាឃ (លេខ៣) ផល្គុន (លេខ៤) ចេត្រ (លេខ៥) ពិសាខ (លេខ៦) ជេស្ឋ (លេខ៧) អាសាឍ (លេខ៨) ស្រាពណ៍ (លេខ៩) ភទ្របទ (លេខ១០) អស្សុជ (លេខ១១) កត្តិក (លេខ១២) ។ ការគិត ខ្នើត រនោច គឺលោកកំណត់ឲ្យដាក់ខ្នើតនៅខាងលើសញ្ញាខណ្ឌ, ឲ្យដាក់រនោចនៅខាងក្រោមសញ្ញាខណ្ឌ ។ ឧទាហរណ៍ ៖ ថ្ងៃសៅរ៍ ៣ រោច ខែ អាសាឍ គ.ស. ២០០១ ព.ស. ២៥៤៨ ត្រូវសរសេរដូចខាងក្រោម ៖
ព.ស. ២៥៤៨
៧᧳៨ ឆ្នាំឆ្លូវ ____________
គ.ស. ២០០៤
១៩-អំពីទម្រង់ផ្សេងៗ នៃអក្សរខ្មែរ ( Les différents types de caractères Khmers )
អក្សរខ្មែរ មានទ្រង់ទ្រាយច្រើនបែប, មានដូចជា ៖
ក/ អក្សរជ្រៀង (Ecriture penchée) ៖
អក្សរជ្រៀង គឺជាអក្សរដៃ (manuscrit) មានជំហររាងទ្រេតទៅមុខ ។
ខ/ អក្សរត្រង់ (Eeriture droite)
គឺជាទម្រង់អក្សរ ដែលគេសរសេរ ឲ្យមានជំហរត្រង់ ទៅលើតាមទំនងបន្ទាត់បញ្ឈរ (vertical) ។
ប៉ុន្តែ គេកម្រឃើញទម្រង់អក្សរ សរសេរទ្រេតទៅខាងឆ្វេងណាស់ (ទ្រេតទៅក្រោយ) ។
គ/ អក្សរមូល[18]
អក្សរមូល គឺជាប្រភេទអក្សរ ដែលមានទម្រង់មូល ។ គេច្រើនសរសេរអក្សរមូល នៅក្នុងសៀវភៅធម៌ ជាភាសាបាលី ឬ សំស្រ្កឹត ។ ម្យ៉ាងទៀត ការសរសេរមន្តអាគមគាថា លើកន្សែងយ័ន្តលើអាវតេជះ សាក់លើខ្លួនប្រាណ, ក៏គេនិយមប្រើអក្សរមូលដែរ ។ នៅទូទាំងស្រុកសៀម(ថៃ) កាលណាគេសរសេរបាលីគាថា មន្តអាគម គឺគេសរសេរអក្សរមូលខ្មែរទាំងអស់ ។ គេនិយមយល់ថា កាលណាគេសរសេរអក្សរ (សៀម) នៅលើយ័ន្ត មន្តអាគមគាថា នោះមិនពូកែសក្តិសិទ្ធិ ដូចសរសេរអក្សរមូលខ្មែរទេ ។
ករណីលើកលែង
ប៉ុន្តែដោយឡែក ហើយនេះជាករណីពិសេស ដែលជាទម្លាប់របស់ខ្មែរយើងស្រាប់ផង នៅលើស្លាក (Enseigne) យីហោផ្ទះជំនួញ ស្លាករបស់មន្ទីរក្រសួងនានា ឈ្មោះចំណងជើងសៀវភៅឈ្មោះអ្នកនិពន្ធ... នោះគេច្រើនតែសរសេរអក្សរមូលផងដែរ ។ ឧទាហរណ៍ ៖
រោងចក្រម៉ុងហួត, ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល, វចនានុក្រមបារាំង-ខ្មែរ ដោយលោក តិប យក់, ថាវ-គន្ធ សម ថាំង... ។ល។
ឃ/ អក្សរខម[19]
អក្សរខមនេះ មានទម្រង់ទ្រង់ទ្រាយមូល ប្រហាក់ប្រហែលនឹងអក្សរមូលដែរ ប៉ុន្តែមានចំណុចប្លែកគ្នាខ្លះៗ ដូចជា៖
-អក្សរ “ក” មានពីរជាន់ ជើងបីបែបនេះ “ក” ។
-គ្រប់តួអក្សរ ច្រើនតែមានងៀងជ្រុងបន្តិច នៅត្រង់ចុងមុម ។
-អក្សរ “ឞ ” មានបន្ទាត់ វះពោះភ្ជាប់ពីម្ខាងដល់ម្ខាង “ម”[20] ។
-ស្រៈ “ ែ ” មានទម្រង់បែបនេះ “ែ”[21]
គេប្រើសរសេរអក្សរ ខម ប្រហាក់ប្រហែលគ្នានឹងអក្សរមូលដែរ តែមិនសរសេរក្នុងយ័ន្ត គាថាទេ ។ គេច្រើនសសេរចុះចំណងជើងសៀវភៅ , ចំណងជើងអត្ថបទ , ឈ្មោះជំពូក, វគ្គ, ផ្នែកនៃសៀវភៅមួយ ។ ដោយចង់ថែរក្សាទម្រង់អក្សរ បន្សល់ទុកមកដោយបុព្វបុរសខ្មែរ គេចម្លងគំរូអក្សរខមនេះ ពីសិលាចារឹក ក្រោយអង្គរខ្លះ ពីសាស្រ្តាស្លឹករឹតខ្លះ រក្សាទុកជាកេរមត៌កខាងអក្សរសាស្រ្ត កុំឲ្យបាត់បង់ ។
២០-ការប្រើឈ្មោះខែតាមបែបបារាំង
តាំងពីប្រទេសយើងឋិតនៅក្រោមរដ្ឋការអាណាព្យាបាលបារាំងមក ក្រៅពីប្រើកាលបរិច្ឆេទតាមបែបចន្ទគតិ ខ្មែរយើងប្រើកាលបរិច្ឆេទបែបសុរិយគតិតាមបារាំង ព្រោះរដ្ឋការរបស់បារាំងនិងខ្មែរយើង មានការប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ។ ម្យ៉ាងទៀតឥទ្ធិពលបារាំង ទាំងនយោបាយ និងវប្បធម៌ តែងតែគ្របសង្កត់មកលើយើងជានិច្ច ។ សូមជម្រាបបញ្ជាក់ថា បារាំងពុំមានប្រើឈ្មោះឆ្នាំ ជូត, ឆ្លូវ, ខាល, ថោះ, រោង.... ដូចយើងទេ គឺគេប្រើឆ្នាំតាមគ្រិស្តសករាជ ។
ឧទាហរណ៍៖
គ្រិស្តសករាជ ២០០៧ ។ ក្រៅពីប្រើឆ្នាំតាមគ្រិស្តសករាជ បារាំងប្រើខែសុរិយគតិដូចជា Janvier (ហ្សង់វីយេ), Février (ហ្វេវ្រីយេ), Mars (ម៉ាស់), Avril (អាវ្រីល), Mai (ម៉េ), Juin (យូវ៉ាំង), Juillet (ស៊ូយ៉េត), Août (អ៊ូត), Septembre (សេបតមប្រិ៍), Octobre (អុកតូប្រិ៍), Novembre (ណូវ៉មប្រិ៍) និង Décembre (ដេសមប្រិ៍) ។
ក្រោយមក ក្នុងរវាងបណ្តាឆ្នាំ ទសវត្សទី៦០ គណៈកម្មការវប្បធម៌ជាតិ បានបង្កើតឈ្មោះ ខែសុរិយគតិទាំង១២ ជាភាសាបាលីជំនួសខែសុរិយគតិបារាំង ដូចខាងក្រោមនេះ ៖
១- Janvier = យ៉ាំងវីយេ = មករា ២- Février = ហ្វេវ្រីយេ = កុម្ភៈ ៣- Mars = ម៉ារ្ស = មីនា ៤-Avril =អាវ្រីល= មេសា ៥- Mai = ម៉េ = ឧសភា៦- Juin = យូវ៉ាំង = មិថុនា ៧- Juillet = ស៊ូយេត= កក្កដា ៨- Août = អ៊ូត = សីហា ៩- Septembre =សេបតមប្រិ៍=កញ្ញា ១០- Octobre = ឧកតូប្រិ៍=តុលា ១១- Novembre=ណូវ៉មប្រិ៍=វិច្ឆិកា ១២- Décembre= ដេសមប្រិ៍ =ធ្នូ ។
នេះជាដំណាក់កាលនៃការវិវត្តន៍របស់ភាសា និងអក្សរសាស្រ្តខ្មែរយើង ក្នុងជំហានថ្មីមួយទៀត ។ ប៉ុន្តែ សូមជម្រាបថា ឈ្មោះខែថ្មីរបស់ខ្មែរយើង ដែលយកមកជំនួសខែសុរិយគតិបារាំង(ឬសកល) នេះពុំអាចយកទៅប្រើប្រាស់ក្នុងផ្នែកហោរាសាស្រ្តសម្រាប់ទស្សន៍ទាយ ជោគជតារាសី គ្រោះកាច គ្រោះជា... បាននោះឡើយ ។ ហោរាខ្មែរនៅតែប្រើខែខាងចន្ទគតិ សម្រាប់គន់គូរដដែលដូចជា
-មិគសិរ= លេខ ១ -ជេស្ឋ = លេខ ៧
-បុស្ស = លេខ ២ -អាសាឍ = លេខ ៨
-មាឃ= លេខ ៣ -ស្រាពណ៍= លេខ ៩
-ផល្គុន = លេខ ៤ -ភទ្របទ = លេខ ១០
-ចេត្រ = លេខ ៥ -អស្សុជ = លេខ ១១
-ពិសាខ = លេខ ៦ -កក្តិក = លេខ ១២
ពាក្យអញ្ញត្រស័ព្ទ
(Les mots exceptionnels)
គឺជាពាក្យមានលក្ខណៈពិសេស ខុសប្លែកពីពាក្យឯទៀតៗដោយ អក្ខរាវិរុទ្ធមិនចំណុះនិងសូរសំឡេង។
ឧទាហរណ៍
-អ្នក= អានថា =“នាក់” សរសេរជា អ + ្ន + ក=អនក=អ្នក=នាក់ ។
-អញ=អានថា =“អាញ់” សរសេរជា =អញ ។
-(ខាង)លិច(ទិស) អានថា=“ឡិច” សរសេរជា =លិច ទិសដែលព្រះអាទិត្យលិច ។
-មាតា=អានថា =“មាដា” សរសេរជា =មាតា= ត> ដ; បាលីមាតា(មា+តា) អានជាសំឡេងខ្មែរ=ម៉ែ ។
-មណ្ឌប. ន. អានថា មាន់ដប់ = វិមាន, រោង ។
-ភ្នំព្រះសុមេរុ = អានថា “ព្រះសុម៉ែ” ភ្នំខ្ពស់ជាងគេក្នុងលោក ។
-ខេត្ត = អានថា “ខែត” មកពីបាលី ខេត្ត=ស្រែ ។
-វិសេស= អានថា “វិសែស” មកពីបាលី វិសេស= ភាពប្លែក ។
-សេពគប់= អានថា “សែបគប់” ទាក់ទងរាប់រក; បាលីក្លាយខ្មែរ ។
-តេមិយៈ= អាថា “ឌីម៉ែ ឬ ព្រះឌីម៉ែ” រឿងទី ១ ក្នុងទសជាតក; ... ។
-តេជោ= អានថា “ដែជោ” មកពីបាលី “តេជ”= អំណាច ។
-បណ្ឌិត=ហៅក្លាយជា “អន្ទិត” មកពីពាក្យបាលី=ជនអ្នកមានប្រាជ្ញា ។
-បេតី= អានថា “ប៉ែតី”, ក្លាយមកពី “បីតិ” ។
-ចេតិយ= អានថា “ចែដី” មកពីពាក្យបាលី=ទីដែលគេគោរពបូជា ។
-ចេស្តា= អានថា “ចែស្តា” មកពីសំស្រ្កឹត=សង្វាតប្រឹងប្រែង ។
-ចេតនា= អានថា “ចែតាណា” មកពីបាលី= ផ្តួចគិត, ផ្តោតចិត្ត ។
-ព្រះធរណី= អានថា “ព្រះធរនី” មកពីបាលី,សំស្រ្កឹត= ផែនដី[22] ។
-ប្រពៃណី= អានថា “ប្រពៃនី[23]” មកពីបាលី= ទំនៀម, ពូជពង្ស ។
-អនុលោម= អានថា “អនុឡោម” មកពីបាលី= បណ្តោយតាម, យល់តាម ។
ខ្ញុំស្រង់ពាក្យ “អញ្ញត្រស័ព្ទ” ខ្លះៗប៉ុណ្ណេះ យកបង្ហាញជូនអស់លោក គ្រាន់បានជាគំរូប៉ុណ្ណោះ ។ នៅមានពាក្យប្រភេទនេះច្រើនទៀត ។ សូមអស់លោកជួយស្រាវជ្រាវបន្ថែម តាមការគួរ ។
សង្កេត ៖ ក្នុងចំណោមអញ្ញត្រស័ព្ទទាំងអស់នេះ យើងសង្កេត ឃើញមានលក្ខណៈពិសេស ៥ យ៉ាងគឺ ៖
១-ពាក្យទាំងនេះ ច្រើនតែក្លាយមកពីពាក្យបាលី និងសំស្ក្រឹត ។
២-យកសំឡេង “ ដ ” មកជំនួស សំឡេង “ ត ” ; ឧ. បីដា ‹ បិតា ។
៣-យកស្រៈ “ ែ ” មកជំនួសស្រៈ “ េ ” ឧ. ចែដី ‹ ចេតិយ ។
៤-យកព្យញ្ជនៈសំឡេង “ អ៊ ” មកជំនួសព្យញ្ជនៈសំឡេង “ អ ” ; ឧ. ព្រះធរនី ‹ ព្រះធរណី, ប្រពៃនី ‹ ប្រពៃណី ។
៥-យក្យព្យញ្ជនៈសំឡេង “ អ ” មកជំនួសព្យញ្ជនៈសំឡេង “ អ៊ ” ឧ.ទិសខាងឡិច ...។ បាតុភូតអញ្ញត្រស័ព្ទ គឺជា “សោភ័ណភាសា” ដែលទាំងអ្នកអក្សរសាស្រ្ត ទាំងមហាជនព្រមព្រៀងគ្នាប្រឌិតឡើង សម្រាប់សម្រួលការនិយាយស្តី ឲ្យស្រួលមាត់ ។ រីឯការសរសេរវិញ ត្រូវតែគោរពអក្ខរាវិរុទ្ធដោយអនុលោមទៅតាមជាតិសព្ទ(Etymologie) របស់ពាក្យ ។
២១- អក្សរកាត់
នៅក្នុងការសរសេរអត្ថបទផ្សេងៗ ជួនកាលគេសរសេរពាក្យនៅក្នុងឃ្លាណាមួយដោយប្រើពាក្យពេញលេញទាំងស្រុងតែម្ដង ។ ឧ. អង្គការសុខភាពពិភពលោក (O.M.S.) ។
ជួនកាលក្នុងកាលៈទេសៈខ្លះទៀត ដោយគេចង់ចំណេញពេល ចំណេញក្រដាស គេតែងតែរិះរកវិធីបំព្រួញសង្ខេបពាក្យពេញលេញនោះឲ្យខ្លី ប៉ុន្តែនៅតែរក្សាបានអត្ថន័យខ្លឹមសារវាទាំងស្រុងដដែល ។
ឧ. អង្គការសហប្រជាជាតិ រួមមកនៅត្រឹម អ. ស. ប.
សហរដ្ឋអាមេរិក ស. រ. អា.
គណកម្មាធិការជាតិភាសាខ្មែរ គ. ជ. ភ. ខ.
សេចក្ដីជូនដំណឹង ស. ជ. ណ.
វិធី៖ គេជ្រើសយកព្យញ្ជានៈក្នុងពាក្យណាមួយធ្វើជាគោល ។ ពាក្យគោលនៅក្នុងឃ្លាណាមួយនោះ ត្រូវបានកំណត់ជ្រើសរើសយកមកដាក់តម្រៀបជាបន្តបន្ទាប់រហូតដល់អស់ពាក្យគោល ដូចមានបញ្ជាក់ជូននៅក្នុងឧទាហរណ៍ខាងលើស្រាប់ ។
២២- ឋានៈរបស់ពាក្យ
ក/ ចំពោះព្រះសង្ឃ និងព្រះរាជា
ដើម្បីរាប់កំណត់ចំនួន ព្រះរាជានោះ គេប្រើពាក្យភ្ជាប់ថា “អង្គ” ៖
ឧ. ព្រះមហាក្សត្រា ក្សត្រី យាងចូលប្រថាប់ក្នុងរាជរោងមាន ១៧ អង្គ ។
ដើម្បីកំណត់ចំនួនព្រះសង្ឃ គេប្រើពាក្យភ្ជាប់ថា “អង្គ” ៖
ឧ.ក្នុងពិធីចម្រើនព្រះបរិត្តបុណ្យទក្ខិណានុប្បទាននេះ គេនិមន្តព្រះសង្ឃ ១០ “អង្គ” ។
បញ្ជាក់ ៖ ពាក្យសង្ឃស័ព្ទ និងរាជស័ព្ទ មួយចំនួន គឺជាន់គ្នាតែមួយប្រើពាក្យដូចគ្នា ដូចករណីខាងលើជាភស្តុតាងស្រាប់ ។ ព្រះរាជាឈឺ និងព្រះសង្ឃឈឺ គេអាចហៅថា “ អាពាធ ” ដូចគ្នាបាន តែចំពោះព្រះរាជា មានពាក្យម្យ៉ាងទៀតថា “ ប្រឈួន ” ។
ខ្មែរយើងប្រើពាក្យពិសេសៗ សម្រាប់តម្រូវនឹងឋានៈមនុស្សក្នុងសង្គម ។ ដូច្នេះ ព្រះសង្ឃ និងព្រះរាជា ជាជនមានឋានៈខ្ពស់ក្នុងសង្គម ដែលគេអាចសន្មតថា ជា “ ឧត្តមភេទ” ដូច្នេះត្រូវតែមានពាក្យខ្ពង់ខ្ពស់យកមកប្រើ ឲ្យត្រូវទៅតាមឋានៈនាទី ក្នុងសង្គមដូចជម្រាបខាងលើ ។
ខ/ ចំពោះមនុស្សដែលមានឋានន្តរសក្តិខ្ពង់ខ្ពស់
ដើម្បីកំណត់ចំនួនមនុស្សមានយសសក្តិខ្ពង់ខ្ពស់វិញ គេប្រើពាក្យ “រូប” ៖
ឧ. នៅក្នុងពិធីសម្ពោធការដ្ឋាន នៅខេត្តកំពង់ចាម មានអស់លោករដ្ឋមន្រ្តី តំណាងរាស្រ្ត ចូលរួមប្រមាណ ៣០ រូប ។
គ/ ចំពោះមនុស្សសាមញ្ញធម្មតា
ក្នុងការរាប់កំណត់ចំនួនមនុស្សសាមញ្ញធម្មតា គេភ្ជាប់ពាក្យ “នាក់” ៖
ឧ. នៅក្នុងពិធីបុណ្យ សុំទឹកភ្លៀងនៅទីទួលអ្នកតាដើមពោធិ៍ មានមនុស្សប្រុសស្រី ក្មេងចាស់ចំនួនប្រមាណជាង៥០០ នាក់ ចូលរួម ។
ឃ/ ចំពោះសត្វទូទៅ
ក្នុងការគិតគន់គណនាចំនួនសត្វទូទៅ គេតែងប្រើពាក្យ “ក្បាល” ៖
ឧ. គេពិឃាតគោ និងជ្រូកអស់ចំនួន ៤ ក្បាល ។
-តែដោយឡែក, បើចំពោះសៀវភៅវិញ ក៏គេហៅថា “ក្បាល” សៀវភៅ ១០ ក្បាល (ដែរ) ។
ង/ ចំពោះវត្ថុផ្សេងៗ
-ផ្ទះ គេប្រើពាក្យ “ ខ្នង ” យកមកភ្ជាប់ពីក្រោយ ឧ. ផ្ទះ ៣ ខ្នង ។
-អិដ្ឋ គេប្រើពាក្យ “ ដុំ ” យកមកភ្ជាប់ពីក្រោយ ឧ. អិដ្ឋ ២០០ ដុំ ។
-ក្បឿង គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ.ក្បឿង ៥០០០ សន្លឹក ។
-សង្កសី គេប្រើពាក្យ “ សន្លឹក ” យកមកភ្ចាប់ពីក្រោយ ឧ. ស័ង្កសី ៧០ សន្លឹក ។
-ក្តារ គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ. ក្តារ ១៨០ សន្លឹក ។
-ក្រដាស គេប្រើពាក្យ “ សន្លឹក ” យកមកភ្ជាប់ពីក្រោយ ឧ. ក្រដាស ១០០០ សន្លឹក ។
-គ្រឿងឈើធ្វើសំណង់ គេប្រើពាក្យ “ ផ្លាន ” យកមកភ្ជាប់ពីក្រោយ រនូត, រត, ប្រម៉េ, ផ្ទោង ៤០ ផ្លាន ។
-រថយន្ត, កប៉ាល់,ទូក គេប្រើពាក្យ “ គ្រឿង ” យកមកភ្ជាប់ពីក្រោយ ឧ. រថយន្ត ៣ គ្រឿង ។ ឧ. កប៉ាល់ ២ គ្រឿង ។ ឧ. ទូក ៥ គ្រឿង ។
ច/ ចំពោះរុក្ខជាតិ
ដំណាំដើមឈើធំៗ គេប្រើពាក្យ “ ដើម ” យកមកភ្ជាប់ពីក្រោយ ៖
ឧ. ខ្នុរ ៣០ ដើម ដូង ៥០ ដើម ។
ឆ/ ចំពោះសត្វទូទៅ
ដើម្បីរាប់កំណត់ចំនួនសត្វសម្រាប់ទឹម, គេតែងយកពាក្យ “ នឹម” មកភ្ជាប់ពីក្រោយ ។
ជ/ ចំពោះដំណាំវារ, ទ្រើងតូចតាច
ដើម្បីគណនាចំនួនដំណាំប្រភេទនេះ គេប្រើពាក្យ “គុម្ព”មកភ្ជាប់ពីក្រោយ ៖
ឧ. កសិករគំរូនៅភូមិសំរោង បានដាំដំណាំបន្លែជាច្រើន សម្រាប់លក់ និងសម្រាប់បរិភោគក្នុងគ្រួសារដូចជា ៖
-ត្រឡាច ២០ គុម្ព ។
-ស្ពៃខ្មៅ ១០០ គុម្ព ។
-ខាត់ណា ៥០ គុម្ព ។
ឈ/ ចំពោះដំណាំយកស្លឹក, ផ្លែ, ជាវល្លិ៍
ក្នុងការគណនារាប់ដំណាំប្រភេទនេះ គេប្រើពាក្យ “ជន្លង់”ពីខាងក្រោយ ៖
ឧ. ពូឡាយ ហាក់ ដែលមានចម្ការប្រភេទដីក្រហម, គាត់ដាំម្រេច៥០០ ជន្លង់ ដីមួយងារនៅខាងក្រោយផ្ទះ, គាត់ដាំ ម្លូក្រហម ២០ ជន្លង់ ។
ញ/ ចំពោះសម្លៀកបំពាក់ ឬវត្ថុផ្សេងៗទៀត
បើរាប់ខោមួយ អាវមួយ ឬសំពត់មួយ អាវមួយ, គេថា “ប្រដាប់” ៖
-គឺខោអាវ, សំពត់អាវ ១ ប្រដាប់ ។
-ឬខោអាវ ១ កុំប្លេ ។
-បើរាប់ ឬគណនាសំពត់ គេប្រើពាក្យ “ក្បិន” គឺ សំពត់ ១ ក្បិន ។
-បើរាប់កំណត់ទំហំល្មម កាត់ខោអាវបានគេថា“អាវ” ឧ. កំណាត់ ១ អាវ ។
-បើរាប់គណនាស្បែកជើង, គេប្រើពាក្យ “សម្រាប់” ឧ. ស្បែកជើង ១ សម្រាប់ ។
-បើរាប់គណនាសង្រែក, គេប្រើពាក្យ “សម្រាប់” ឧ. សង្រែក ១ សម្រាប់ ។
-បើរាប់គណនាចង្កឹះ, គេប្រើពាក្យ “គូ” ឧ. ចង្កឹះ ១ គូ ។
-បើរាប់ ឬគណនាខ្សែវិញ គេភ្ជាប់ពាក្យ “កន្ទុយ” ពីខាងក្រោយ ឧ. ខ្សែគោ ១ កន្ទុយ ។
-បើរាប់ ឬគណនាចានវិញ គេភ្ជាប់ពាក្យ “ស្រាក់ ឬឡូ” ពីខាងក្រោយ ៖
ឧ. ចាន ១ ស្រាក់ ឬ ចាន ១ ឡូ ។
ដ/ ចំពោះផ្លែឈើ
បើរាប់ ឬគណនាផ្លែឈើ, គេភ្ជាប់ពាក្យ ជាច្រើនប្រភេទដូចខាងក្រោម ៖
-បើផ្លែឈើ ៤ គេថា ផ្លែឈើ “១ ដំប” ។
-បើផ្លែឈើ ៤០ គេថា ផ្លែឈើ “១ ផ្លូន” ។
-បើផ្លែឈើ ៤០០ គេថា ផ្លែឈើ “១ ស្លឹក” ។
របៀបរាប់សំណាប ដែលដកចងជាកណ្តាប់បម្រុងយកទៅស្ទូង ក៏គេគិតជា “ដំប”, “ផ្លូន”, “ស្លឹក”, ដូចផ្លែឈើដែរ ។
-បើរាប់ផ្លែស្លា គេគិតជា “ដៃ” ក្នុង ១ ដៃមាន ១០ ផ្លែ (ស្លា) ។
-បើរាប់ម្លូ គេគិតជា “ស្នើ” ក្នុង១ស្នើ មាន ១០ សន្លឹក (ម្លូ) ឬគេគិតជា “ត្របក” ក្នុង ១ ត្របកមាន ២០ សន្លឹក (ម្លូ) ។
-បើរាប់ដូង គេគិតជា “ធ្លាយ” គឺចង្កោមផ្លែដូងដែលចេញពី ទងមួយ ។
-បើរាប់ស្លា គេគិតជា “ស្មែង” គឺចង្កោមផ្លែស្លាដែលចេញពីទងមួយ ៖
ឧ. ដូង ១ ធ្លាយ, ស្លា ១ ស្មែង ។
-បើរាប់សម្លៀកបំពាក់ ដែលគេវេច គេហៅថា ១ ឬ ២ បង្វេច ។
-បើរាប់សម្លៀកបំពាក់ ដែលគេវេចល្មមស្ពាយបាន គេហៅថា ១ ឬ ២ សម្ពាយ ។
-បើរបស់អ្វីដែលគេយកមកឆ្វាយបានគេហៅថាខ្សែមួយចង្វាយ ។
-បើរបស់អ្វីដែលគេយកមកយួរបាន គេហៅថា មួយយួរ ។
ឋ/ ការវាស់ពេលវេលាតាមបែបបុរាណ
កាលដើមឡើយ ខ្មែរយើងពុំទាន់មានវិធី ឬឧបករណ៍សម្រាប់វាស់ពេល (លម្អិតខ្លី) ដូចគ្រាបច្ចុប្បន្នឡើយ ។ ហេតុនេះ ចាស់បុរាណ លោកកំណត់ពេលវែងខ្លីតាមរយៈការបង្កើតពាក្យផ្សេងៗ ហើយពាក្យខ្លះ នៅតែប្រើរហូតមកទល់សព្វថ្ងៃ មានដូចជា ៖
• យាម៖ ក្នុង ២៤ ម៉ោង លោកចែកជា ៦ ឬ ៨ យាម ក្នុងមួយយាមៗ មានប្រមាណពី ៣ ម៉ោង ទៅ ៤ ម៉ោង ។ គេគិតរាប់យាម១ ចាប់ពីថ្ងៃរះ គិតជាយាម៣ ឬយាម ៤ នៅពេលថ្ងៃលិច ។ ក្នុង ១ យប់ គិតជា ៤ យាម គឺពីព្រលប់គិតជាយាម ៤... ដល់ភ្លឺ គិតជាយាម ៨ ។
• ខួប៖ ការគិតអាយុក្មេង គេរាប់ពីខែ ដែលវាកើត រហូតមួយជុំ ដល់ថ្ងៃដដែលនេះវិញ គេហៅថាមួយខួបគឺត្រូវជា ១២ ខែ ។ ឧ. បើក្មេងកើតនៅ ថ្ងៃ ២ កើត ខែមាឃ..... លុះដល់វិលមួយជុំខួបមកដល់ថ្ងៃ ២ កើត ខែ មាឃ នេះ គេសន្មតថា ក្មេងនេះ អាយុបាន ១ ខួបហើយ ។ ការរាប់ឆ្នាំកំណើត ខ្មែរយើងមិនគិតតាមពុទ្ធសករាជឬគ្រិស្តសករាជទេ គឺកំណត់តាមឆ្នាំទាំង ១២ គឺ ឆ្នាំជូត, ឆ្លូវ, ខាល, ថោះ, រោង, ម្សាញ់, មមី, មមែ, វក, រកា, ច, កុរ ។ ក្នុង ១ ជុំ ខួបមាន ១២ ឆ្នាំ ... ។
• មួយសន្ទុះ៖ គឺជារយៈពេលជាកំណត់មួយ អាចស្មានបានប្រហែលជា ១ ម៉ោង ។ ឧ. ដើរបានមួយសន្ទុះ ក៏ចូលដល់ព្រៃធំមួយ.... ។
• មួយបោក៖ គឺជារយៈពេលជាកំណត់មួយ ប្រមាណជាកន្លះម៉ោង ។ ឧ. ដេកបានមួយបោក ភ្ញាក់ឡើងភ្លឺល្មម ។
• មួយបារី៖ គឺជារយៈពេលប្រមាណ ១៥ នាទី ។ ឧ. ច្រកថ្នាំចំនួនពេល ១ បារី អ្នកជំងឺក៏ដឹងខ្លួនវិញ ។
• មួយសាបស្លា៖ រយៈពេលប្រហែល ២០ នាទី ។ ឧ. ចម្ងាយផ្លូវពីភូមិ ធ្លកទ្រេតទៅ ឈើទាលជ្រំ គេត្រូវដើរ តែ១ សាបស្លា ប៉ុណ្ណោះ នឹងបានទៅដល់ហើយ ។
• ចំណាំ៖ ពេល ១ បារី គឺរយៈពេល ដែលគេជក់ថ្នាំអស់ ១ បារី ឯពេល ១ សាបស្លា គឺរយៈពេលដែលអ្នកស៊ីស្លា កំណត់ថាស្លាសាបអស់រសជាតិ ត្រូវខ្ជាក់ចោលកាកស្លាហើយ ។
• មួយស្រឡេត៖ គឺរយៈពេលខ្លី ប្រមាណ ៥ ទៅ ១០ នាទី ។ ឧ. ធ្មេចមួយស្រឡេតទៅ ក៏យល់សប្តិឃើញដំរីដេញ... ។
• មួយភ្លែត៖ ស្មើនឹងរយៈពេល ៥ នាទី ។ ឧ. កុំតាមម៉ែអី ម៉ែទៅតែមួយភ្លែតនឹងវិលមកវិញហើយ ។