ផ្នែកទី ២
វណ្ណយុត្តិ (Signe Diacritique)


វណ្ណយុត្តិ គឺជាសញ្ញាទាំងឡាយដែលបង្កើតឡើង ដើម្បីកែប្រែ ផ្តួលសំឡេងព្យញ្ជនៈ ឬពាក្យពេចន៍ខ្លះ ឲ្យសមស្របទៅតាមតម្រូវការប្រើប្រាស់ ក្នុងភាសារបស់យើង ។ មិនតែប៉ុណ្ណោះ សញ្ញាទាំងនេះ ក៏អាចជួយបំប្លែងសំឡេងនៃពាក្យខ្លះ ដែលមានប្រភពមកពីភាសាបាលី ឬសំស្ក្រឹតផងដែរ ។
វណ្ណយុត្តិទាំងឡាយចែកចេញជាពីរពួកគឺ ៖
ក/ វណ្ណយុត្តិដែលបន្ថែមលើព្យញ្ជនៈ ដើម្បីលម្អៀងស័ព្ទឲ្យខ្លីឲ្យមានសូរផ្សេង ឲ្យប្លែកពីសំឡេងដើម (Signes diacritiques) ។
ខ/ វណ្ណយុត្តិ ដែលប្រើជាមួយនឹងពាក្យ ក្នុងឃ្លាប្រកប ដើម្បីកាត់ឃ្លាជាប្រយោគជាសង្កាត់ ដើម្បីសម្គាល់ន័យសេចក្តីផ្សេងៗ ។ វណ្ណយុត្តិពួកនេះហៅថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។
១-មូសិកទន្ត ឬធ្មេញកណ្តុរ “ ៉ ”
ជាសញ្ញាប្រើសម្រាប់សម្លាប់, បំបែរសំឡេងព្យញ្ជនៈ ៧ តួ ដែលមានសំឡេងឃោសៈ ឲ្យទៅជាអឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ, ឲ្យទៅជាសំឡេងអឃោសៈវិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែកតែតួ “ ប ” មួយ ដែលមានសំឡេងអឃោសៈស្រាប់ ប៉ុន្តែគ្រាន់តែលម្អៀងសូរពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរប្តូរសំឡេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ ង៉ក់ង, ញ៉ែងញ៉ង, ប៉ប៉ាច់ប៉ប៉ោច, ម៉ែឪ, យ៉ាប់យ៉ឺន, រឿងរ៉ាវ, វ៉ូងវ៉ាង ។
● ចំណាំ ៖ កាលណាពាក្យទាំងនេះទៅប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះប៉ិត យាប់យ៉ឺន, ល្បែងចាប៉ឹក... ។ គេត្រូវយកសញ្ញា (ុ) មកជំនួសធ្មេញកណ្តុរ ដែលដាក់ពីលើ ដើម្បីកុំឲ្យវណ្ណយុត្តិនេះ ទើសទែងគ្នាជាមួយស្រៈខាងលើ ។ ឧទាហរណ៍ ស៊ី ប៉ើង រឹងប៉ឹង ។
២-ត្រីស័ព្ទ ( ៊)[5]
ជាសញ្ញាសម្រាប់ដាក់លើព្យញ្ជនៈ ៤ តួ ជាអឃោសៈ ប, ស, ហ, អ, ឲ្យទៅជាឃោសៈវិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈប្តូរសំឡេងទាំងនេះ ត្រូវបានយកទៅប្រើក្នុងពាក្យ សាប៊ូ, សម្លស៊ុប, ហ៊ាន, ទ្រអ៊ូ... ។ កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ឧទាហរណ៍ ស៊ីបាយ, លេងហ៊ី... លើកលែងតែពាក្យ ប៊ិច, អ៊ីចុះអ៊ីចឹង... ។
៣ រស្សសញ្ញា ឬបន្តក់ (់)
សម្រាប់ប្រើដាក់ថែមលើតួប្រកបនៃពាក្យ ដែលកើតឡើងពីស្រៈ “ អ ” និងស្រៈ “ អា ” ហើយកាត់ស័ព្ទវែងឲ្យទៅជាខ្លី ដែលត្រូវអានលឿនរហ័ស។ ឧទាហរណ៍ ៖ កាត = ស័ព្ទវែង, កាត់ = ស័ព្ទខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។
● កំណត់សម្គាល់
ក/ ចំពោះតួព្យញ្ជនៈប្រកបនឹងអក្សរ “ ម ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ មិនបាច់ប្រើសញ្ញា “រស្សៈ” ឬបន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុងករណីនេះ គេប្រើនិគ្គហិត( ៓) ឬស្រៈ “ ាំ” “ ចាំ ” ជំនួសវិញ ។
ខ/ រីឯតួព្យញ្ជនៈប្រកបនឹងអក្សរ “ យ ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ ក៏មិនបាច់ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូចជាពាក្យ “ ចាយ់ ” ក្នុងករណីនេះគេយកស្រៈ “ ៃ ” មកជំនួសវិញ ព្រោះមានសំឡេងដូចគ្នា ។
គ/ ចំពោះពាក្យទាំងឡាយណា ដែលក្លាយមកពីភាសាបាលីឬសំស្រ្កឹត មិនត្រូវប្រើសញ្ញា (់) នេះឡើយ ដូចជាពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល ធនធាន រសជាតិ លាមក ... ពាក្យទាំងនេះមានសំឡេងខ្លីស្រេចហើយ តាមទម្លាប់អានបែបបាលីនិងសំស្រ្កឹត ។
៤-សំយោគសញ្ញា (័)
ក/ គេប្រើវណ្ណយុត្តិនេះសម្រាប់លម្អៀងស័ព្ទរបស់ពាក្យក្លាយមកពីភាសាបាលី ឬសំស្រ្កឹត ដូចជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ[6], អាលយ > អាល័យ ។
ខ/ សញ្ញានេះក៏ប្រើលើពាក្យខ្មែរខ្លះ ដែលមានសំឡេងស្ទើរស្រៈ “ អ ” និង ស្រៈ “ អា ” ដើម្បីឲ្យមានសូរសំឡេងមួយត្រូវចំនឹងសំឡេងពិតនៃពាក្យនោះ គឺ ញ័រ, ជ័រ, ទំព័រ... ។
គ/ សម្រាប់ប្រើសម្រួលសំឡេងក្លាយពីពាក្យបរទេសខ្លះៗ ដូចជា ដុកទ័រ, ប៉ាស្ទ័រ, អាំងហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ [7]។
៥-របាទ (៌)
វណ្ណយុត្តិនេះ ជាតំណាងអក្សរ “ រ ” ដែលគេកាត់យកក្បាលខាងលើរបស់វា មករក្សាទុកធ្វើជាសញ្ញារបាទ (៌) ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យដែលក្លាយមកពីភាសាសំស្រ្កឹត ដើម្បីសម្រួលសំឡេងអានតាមបែបសំឡេងខ្មែរ ។ គេកត់សម្គាល់ថា ពាក្យបាលីណា ដែលសរសេរតម្រួតនោះ កាលណាយើងសរសេរជាពាក្យសំស្រ្កឹតក្លាយខ្មែរ គេត្រូវដាក់ (៌) របាទនេះជំនួសវិញ ។៦-អស្តា (៏)
វណ្ណយុត្តិនេះ គឺមានទ្រង់ទាយជាលេខ ៨ ប៉ុន្តែបង្រួញឲ្យតូច ដើម្បីងាយយកមកដាក់លើព្យញ្ជនៈ “ ក ” និង “ ដ ” ដែលជានិបាតស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំក៏ទៅ, អ្នកក៏ទៅ, ទោះបីយ៉ាងណាក៏ដោយ ...។ ក្រៅពីនេះគេប្រើលេខអស្តា សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លះ ជាពាក្យភ្ញាក់ ស្ងើច រំភើប... ឱហ្ន៏ នុ៎ះហ្ន៏ ។
៧-ទណ្ឌឃាត ឬបដិសេធ (៍)
វណ្ណយុត្តិនេះ មានរូបសណ្ឋានដូចសក់លេខ “ ៩ ” ។ គេប្រើទណ្ឌឃាត ដើម្បីដាក់លើអក្សរព្យញ្ជនៈណា ដែលគេមិនអាន ប៉ុន្តែគេត្រូវតែរក្សាទុកព្យញ្ជនៈនោះជាចាំបាច់ ក្នុងន័យរក្សាអក្ខរាវិរុទ្ធរបស់ពាក្យ និងជាគ្រឿងសម្គាល់ជាតិស័ព្ទរបស់ពាក្យ ។ ឧទាហរណ៍ ៖ ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។ គេច្រើនប្រើទណ្ឌឃាតលើពាក្យក្លាយពីបាលីនិងសំស្រ្កឹត ។ សញ្ញានេះ ក៏យកមកប្រើចំពោះពាក្យខ្ចីពីបរទេសខ្លះ សម្រាប់រក្សាលំនាំអក្ខរាវិរុទ្ធដើមរបស់ពាក្យទាំងនោះ ដូចជា ស៊ីម៉ងត៍, អេដស៍, អាល់ប៊ែរត៍...។
៨-វិសជ៌នី (ះ) ឬរះមុខ
គេប្រើសញ្ញានេះ សម្រាប់ប្រកបជំនួសខ្យល់ “ ហ ” ជាពាក្យកាត់កំបុតខ្លី ហើយអានដោយបើកចំហមាត់ដូចជា តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ, ទះ, ដោះដូរ, លោតផ្លោះ ។ល។ វាមានសូរសំឡេងស្រដៀងនឹងពាក្យដែលប្រកបនឹងព្យញ្ជនៈ “ ស ” ដែរ ។
៩-យុគលពិន្ទុ(ៈ) ឬហៅថា “ ចុចពីរ ” ក៏បាន [8]
គេប្រើវណ្ណយុត្តិនេះសម្រាប់ ៖ ដាក់នៅចុងពាក្យមានកំណើតពីបាលី ឬសំស្រ្កឹត ដែលមានសូរ “ អាក់ ” ឬ “ អ៊ាក់ ” ដូចជា លោភៈ, មោហៈ, ទោសៈ...
● ចំណាំ ៖ បើពាក្យទាំងនេះនៅខាងដើមគេ ដូចជា ពលកម្ម, វណ្ណកម្ម សច្ចភាព, ខេមរភាសា នោះគេមិនចាំបាច់ដាក់យុគលពិន្ទុទេ ព្រោះពាក្យទាំងនេះជាសមាសនាម ។
● លើកលែងតែពាក្យ ៖ គណៈ ដែលទោះបីវានៅដើមគេ ឬកណ្តាលគេក្តី ក៏ត្រូវតែប្រើយុគលពិន្ទុជាដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធានរដ្ឋ... ព្រោះថាក្នុងពាក្យទាំងនេះ “គណៈ” មិនចូលក្នុងសមាសនាមតាមក្បួនខ្នាតវេយ្យាករណ៍បាលី ។
● លើកលែងតែពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ... ដែលគេមិនត្រូវប្រើយុគលពិន្ទុទេ ។
● រីឯពាក្យ ៖ កាលៈទេសៈ គេត្រូវប្រើយុគលពិន្ទុកទាំងពីរម៉ាត់តែម្តង ។ ក៏ប៉ុន្តែ បើគេសរសេរពាក្យនេះ “ បញ្រ្ចាស ” មកវិញ “ ទេសកាល ” នោះ គេមិនត្រូវប្រើយុគលពិន្ទុឡើយ ។
● ក្នុងសម័យនេះ គេយកយុគលពិន្ទុមក ប្រើក្លាយក្នុងឃ្លាប្រយោគខ្លះដែរ សម្រាប់រាប់រាយឈ្មោះអ្វីៗ ដូចពាក្យថា ទង់ជាតិបារាំងមាន ៣ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែជាទូទៅ អ្នកនិពន្ធទាំងឡាយតែងតែប្រើ “ទ្វិពិន្ទុលេខ” ក្នុងករណីរៀបរាប់, ឧទ្ទេស បង្ហាញ... ព្រោះការប្រើសញ្ញាខណ្ឌបែបនេះត្រឹមត្រូវ និងសមហេតុសមផលជាង ។ យើងនឹងបានឃើញព្រមទាំងអធិប្បាយពន្យល់ អំពីខណ្ឌសញ្ញានេះនៅទំព័រខាងមុខ ។
១០-រជ្ជុសញ្ញា ឬសហសញ្ញា (-) “Trait d’union”
ជាសញ្ញាបន្ទាត់ផ្ដេកខ្លីសម្រាប់ប្រើប្រាស់បានច្រើនយ៉ាងនៅក្នុងការសរសេរអត្ថបទ ឬតែងនិពន្ធជាដើម ។
ក/សម្រាប់បំបែកព្យាង្គនៃពាក្យមួយ កុំឲ្យអានច្រឡំជាប្រកប នាំឲ្យខុសពាក្យដូចជា ទូក-ង, កុក-ស, សម្បុរ-ស,ខ្សែ-ក...។
ខ/សម្រាប់តភ្ជាប់ពាក្យមួយ ដែលសរសេរមិនទាន់ចប់នៅចុងទំព័រ ហើយត្រូវត្រឡប់មកសរសេរនៅដើមបន្ទាត់វិញ ។
គ/ សម្រាប់ភ្ជាប់ពាក្យមួយដែលដាច់គ្នា ដើម្បីតម្រូវចាប់ចុងចួនក្នុងកំណាព្យ ។
ឃ/ សម្រាប់បញ្ជាក់អំពីការផ្លាស់ប្តូរឃ្លាសន្ទនានៃតួពីរ ឬច្រើននាក់ ។
ង/ សម្រាប់សម្គាល់នូវការរៀបរាប់ ជាលំដាប់លំដោយ អំពីគំនិត ឬចំណុចប្លែកៗ ។
១១-កាកបាទ ឬជើងក្អែក (+)
គឺជាបន្ទាត់ខ្លីពីរ មួយផ្តេកមួយទៀតបញ្ឈរ គូសកាត់ខ្វែងគ្នាចំពាក់កណ្តាល ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លីៗមួយចំនួន ដែលមានសូរសៀងបង្អូស ឬត្អូញថ្ងូរ ដូចជាពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎... ។ ខាងផ្នែកនព្វន្ត គេប្រើសញ្ញាជើងក្អែកជាសញ្ញាបូក, ឧទាហរណ៍ ៖ ១៥+៣៨ ។
១២-លេខទោ (ៗ)
សញ្ញានេះគេប្រើសម្រាប់
ក/- ផ្ទួនពាក្យដែលតម្រូវឲ្យថា ឬអានពីរដង,
ខ/- សម្រាប់បញ្ជាក់អំពីចំនួនច្រើន ឬ ពហុវចនៈ ។
● ចំណាំ ៖ មិនមែនកំណត់ថា គ្រប់តែពាក្យដែលត្រូវថាឬអានពីរដងនោះ ត្រូវតែដាក់លេខទោទាំងអស់នោះ ទេ ។ ពាក្យបាលីខ្លះដែលយកមកប្រើក្នុងភាសាខ្មែរ ដូចជា នានា ធម្មសង្វេគ គេត្រូវសរសេរពាក្យ “នានា” នេះត្រួតគ្នាពីរដង ដោយគោរពទៅតាមវិធានបាលី ។ ដូចជាពាក្យថា ឯហិមម...? ។ បើប្រើជាមួយគុណនាម និយាយអំពីពណ៌នោះ ពាក្យស្ទួនដោយប្រើលេខទោ ចង់បញ្ជាក់អំពីប្រភេទពណ៌ ដោយឡែកៗរបស់វត្ថុ ។
ចំពោះពាក្យខ្មែរខ្លះ ដែលមានសំឡេងដដែលៗពីរដងដូចជាបបរ កករ ត្រូវតែសរសេរពីរដងជាន់គ្នាដូច្នេះជាដរាប ។ ហាមដាច់ខាត មិនឲ្យសរសេរ បរៗ, ករៗ, បែបនេះឡើយ ។
● លេខទោប្រើក្នុងករណីបញ្ជាក់ និងប្រៀបធៀប ។
● លេខទោប្រើជាមួយពាក្យមួយព្យាង្គ ។
● លេខទោប្រើជាមួយពាក្យពីរម៉ាត់ ។
● លេខទោប្រើជំនួសពាក្យបីម៉ាត់ឬច្រើនព្យាង្គ ។
● ចំណាំ ៖ លេខទោមិនអាចប្រើផ្ទួនបាននៅខាងចុងពាក្យពិពណ៌នា អំពីរូបរាងមនុសឬសត្វ ដូចជា កូនគោនេះធាត់ទ្រលុកលុក មុខឡើងកំប្លង់ប្លង់ដូចវង់ចន្រ្ទា ។ ស្គមកំព្រឹងព្រឹង ។
● មិនត្រូវប្រើលេខទោនេះក្នុងករណីប្រើពាក្យដដែលច្រើនដង